ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងការពិនិត្យសំណើសូមវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ។
លោកអភិបាលរងខេត្ត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ដែលបានជ្រើសរើសទឹកដីនៃខេត្តកោះកុងសម្រាប់ការវិនិយោគគម្រោងពហុបំណងនេះ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។ ខណៈដែលគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់ស្តុកនៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត ។
ទន្ទឹមនេះផងដែរ លោក អ៊ុក ភ័ក្ត្រា បានបង្ហាញធ្វើការចាប់អារម្មណ៍ និងលើកឡើងនូវសំណូមពរមួយចំនួនដូចខាងក្រោម ៖
១-ក្រុមហ៊ុនត្រូវអនុវត្តការងារឳ្យស្របទៅនឹងច្បាប់ស្តីពីការវិនិយោគ និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រុមហ៊ុន។ ២-សូមរៀបចំអោយមានផែនការមេច្បាស់លាស់ និងអនុវត្តការងារអោយបានរួសរាន់ និងសមស្របតាមផែនការក្រោយទទួលបានការអនុញ្ញាតលើគម្រោងវិនិយោគ ៣- ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ៤-សូមផ្តល់កិច្ចសហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើង ៥-ត្រូវធានាថាគម្រោងវិនិយោគនេះនឹងគ្មាន រឺមានផលប៉ះពាល់អវិជ្ជមានកម្រិតទាបបំផុត ទៅលើបរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។ ៦-សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឳកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕
ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ December 29, 2021










