លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍លោកស្រី វង្ស សុបញ្ញា អនុប្រធានរដ្ឋបាលព្រៃឈើ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្ថានីយ៍ស្រាវជ្រាវ ព្រៃឈើជីខលើ ស្ថិតនៅក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោក អ៊ុក ភ័ក្ត្រា បានមានប្រសាសន៍ថា៖ ថ្ងៃនេះ ជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ គណៈអធិបតីភាព លោក លោកស្រី លោក អ៊ុំ លោកពូ លោកមីង និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារមួយខ្នងនេះ ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូន អង្គពិធីទាំងមូលជ្រាបថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល មានសន្តិភាព និងស្ថេរភាពយ៉ាងល្អប្រសើរ។ កត្តាសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសជាតិរបស់យើងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកោះកុង របស់យើង ក៏បាននឹងកំពុងអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ជាហូរហែរបន្តបន្ទាប់ សម្រាប់បំរើសេចក្តីត្រូវការ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកនៅស្រុក ស្រែអំបិលវិញក៏មានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយ មានវិស័យវិនិយោគឯកជន និងការធ្វើពាណិជ្ជកម្មជួញដូរជាច្រើន ហើយមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម និងតំបន់អេកូទេសចរ …។ល។ សម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយថ្ងៃនេះ ស្រុកស្រែអំបិល បានទទួលនូវសមិទ្ធិផលថ្មីមួយបន្ថែមទៀតនោះគឺ អគារស្ថានីយ៍ស្រាវជ្រាវព្រៃឈើជីខលើ ដែលគម្រោង សាងសង់នេះស្ថិតក្រោម ជំនួយឧបត្ថម្ភឥតសំណងរបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB Gran 0241 CAM(SF) តាមរយៈគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់ទន្លេមេគង្គកម្ពុជា ដូចមានក្នុងរបាយការណ៍វឌ្ឍនភាពនេះស្រាប់។ ការសាងសង់ អគារស្ថានីយ៍ស្រាវជ្រាវព្រៃឈើជីខ គឺក្នុងគោលបំណងរៀបចំឲ្យមានប្រព័ន្ធ អេកូឡូស៊ីព្រៃឈើមួយដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាព ដែលអាច ផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាសហគមន៍នៃរបៀងអភិរក្សជីវៈចម្រុះនៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតតាមរយៈគម្រោងនេះ គឺបានផ្ដោតជាសំខាន់ទៅលើ៖
១. ផ្ដល់សិទ្ធអំណាចដល់សហគមន៍ក្នុងការគ្រប់គ្រងធនធានព្រៃឈើ តាមរយៈការ កំណត់ព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រងព្រៃឈើ និងការទទួលស្គាល់ស្របច្បាប់អំពីដំណើ ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ
២. ការដាំស្តារឡើងវិញក្នុងដែនជម្រកសត្វព្រៃ និងដីព្រៃរិចរិល តាមរយៈការដាំកូនឈើ
និងការថែរក្សាដំណាំធម្មជាតិ
៣. ធ្វើឱ្យប្រសើរឡើងវិញនូវជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលតាមរយៈការផ្តល់ មូលនិធិអភិវឌ្ឍន៍ភូមិ និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និង
៤. បង្កើតការងារ រយៈពេលខ្លីដល់គ្រួសារក្នុងសហគមន៍តាមរយៈការអនុវត្តសកម្មភាព
គម្រោង
តាមរយៈសមិទ្ធិផលថ្មីមួយនេះ ក្នុងនាម លោកជំទាវអភិបាលខេត្ត ខ្ញុំបាទសូមស្នើដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និង បងប្អូនប្រជាពលរដ្ឋទាំង អស់ ដែលរស់នៅទីនេះ មេត្តាជួយថែរក្សានូវសមិទ្ឋិផលនេះ អោយបានគង់វង្ស ទុកជាប្រយោជន៍ សាធារណៈ ប្រយោជន៍សហគមន៍ និងទុកជាផលប្រយោជន៍របស់បងប្អូនផ្ទាល់៕
ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថ្ងៃនេះ ជាថ្ងៃសីល December 27, 2021