ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ និងនាយ-នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមក្នុងពិធីលែងអណ្តើកហ្លួងឬអណ្តើកសរសៃ ចំនួន ៥១ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកកំពុងសីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទូលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព និងលោក ខ្លេមឹន បេកកឺរ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង និងលោកអភិបាលស្រុកកំពុងសីលា ខេត្តព្រះសីហនុ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងតំណាងអង្គការ WCS។
ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយសហភាពអឺរ៉ុប អង្គការ Mandai Nature, Rainforest Trust, US Forest Service, Allan & Patricia Koval Foundation, USAID Feed the Future និង Turtle Survival Alliance។ នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំមួយចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ចាប់តាំងពីឆ្នាំ ២០១៥ មក ដែលសរុបទាំងប្រាំមួយលើកនេះ មានចំនួន ១៤៧ក្បាល។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង