រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចូលរួមរបស់អង្គការ Save the children លើវិស័យអប់រំក្នុងខេត្តកោះកុង

Save the children ជាអង្គការ អន្តរជាតិមួយដែលបានចូលខ្លួនមកបំពេញការងារក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ ២០១៧មកម្លេះ ។ ថ្មីៗនេះកុមារជួបការលំបាក មកពីគ្រួសារក្រីក្រ ហើយប្រឈមនឹងការបោះបង់ការសិក្សាចំនួន៨៨នាក់រ ក្នុងសាលាបឋមសិក្សាហ៊ុនសែន កោះស្ដេច ស្រុកគីរីសាគរ និង សាលាបឋមថ្មស ស្ថិតក្នុងស្រុកបូទុមសាគរ បានទទួលសម្ភារៈសិក្សាពីអង្គការSave the children ប្រចាំខេត្តកោះកុងសម្រាប់យកទៅបន្តការសិក្សា ។ក្នុងពីធីចែកសម្ភារៈសិក្សានៅតាមសាលាទាំង២ខាងលើ មានការចូលរួមេពីអាណាព្យាបាល អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ និង មន្ទីរអប់រំ យុវជន និង កីឡា ។លោក សុក សំណាង ប្រធានអង្គការ Save the children ប្រចាំខេត្តកោះកុង បានថ្លែងថា សម្ភារៈសិក្សាដែលបានចែកជូននៅពេលនេះ វាអាចជួយសម្រួលបន្ទុកគ្រួសារបានមួយចំនួន លោកស្នើមាតាបិតាសិស្ស សូមតស៊ូ និងព្យាយាមយ៉ាងណាបញ្ជូនកូនបានមករៀនសូត្រកុំឱ្យពួកគេបោះបង់ការសិក្សាព្រោះតែកត្តាជីវភាព ។កុមារជាទំពាំងស្នងឬស្សី មានតែកសាងធនធានមនុស្សឱ្យខ្លាំង រឹងមាំ តែប៉ុណ្ណោះ ទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ហើយក្មួយៗត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯង វ័យនេះជាវ័យសិក្សាក្មួយៗត្រូវតែរៀនឱ្យបានពូកែ ដើម្បី ជួយប្រទេសជាតិ និងប្រជាពលរដ្ឋនៅថ្ងៃមុខ ។ សូមបញ្ជាក់ថា កន្លងមកអង្គការSave the children តែងតែជួយគាំទ្រដល់វិស័យអប់់រំជាប្រចាំ តាមរយៈការសាងសង់អគារសិក្សានៅតាមតំបន់ដាច់ស្រយាល ការបំប៉នបច្ចេកទេសគ្រូបង្រៀន ការប្រមូលកុមារចូលរៀន... ។ តាមរយៈសម្ភារៈសិក្សាដែលបានចែកជូននាពេលនេះ យើងសង្ឃឹម និង ជឿជាក់ថា អាណាព្យាបាលនឹង ចូលរួមទប់ស្កាត់មិនឱ្យកុមារបោះបង់ការសិក្សា ហើយបន្តបញ្ជូន កូនចៅឱ្យមកសិក្សាយ៉ាងហោចណាស់បានចប់មធ្យមសិក្សាបឋមភូមិ ។ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះអង្គការ Save the Children ដែលតែងតែជួយរែកពុនវិស័យអប់រំក្នុងខេត្តកោះកុង ជាបន្តបន្ទាប់ ។

អត្ថបទទាក់ទង