លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកដំណើរការគម្រោង ការបង្កើតអេកូទេសចរណ៍សហគមន៍ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជាការជូនដំណឹង និងបង្ហាញលម្អិតពីព័ត៌មានគម្រោងជូនដល់ភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងសហគមន៍នៃតំបន់គោលដៅ ក៏ដូចជាដើម្បីសុំកិច្ចសហការនិងការគាំទ្រដើម្បីឱ្យការអនុវត្តគម្រោងឱ្យបានទទួលជោគជ័យ។
ក្នុងពិធីបើកកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានមតិ និងណែនាំដូចខាងក្រោម៖
-ខេត្តកោះកុង គឺជាខេត្តមួយមានសក្តានុពលលើផ្នែកទេសចរណ៍ ហើយខេត្តមានគោលបំណងបង្កើតតំបន់អេកូទេសចរណ៍ឱ្យបានច្រើនកន្លែងក្នុងខេត្តកោះកុង
-អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) ត្រូវស្នើសុំចុះបញ្ជីដីសហគមន៍ ជាដីឯកជនរបស់រដ្ឋ ដោយកិច្ចការនេះអាជ្ញាធរត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ
-ទាំងអាជ្ញាធរ ទាំងអង្គការដៃគូអភិវឌ្ឍ ត្រូវសហការគ្នាធ្វើឱ្យសហគមន៍ទេសចរណ៍អេកូទេសចរណ៍ ជាសហគមន៍ស្របច្បាប់
-សូមអង្គការដៃគូអភិវឌ្ឍជួយបង្រៀនឃុំ ភូមិ ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចេះអនុវត្តការងារដោយខ្លួនឯង ដើម្បីធានានិរន្តរភាព៕