សាខា កក្រក ខេត្តកោះកុង៖
(អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា)
ថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២១ លោក ប្រាក់វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយលោក លី ឌី សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់មនុស្សធម៌របស់អនុសាខាផ្តល់ជូនគ្រួសារ ស្ត្រីមេម៉ាយងាយរងគ្រោះ ឈ្មោះ ខេង ដា អាយុ២៧ឆ្នាំ មានកូន០៣នាក់ក្នុងបន្ទុក (ប្តីស្លាប់ដោយគ្រោះថ្នាក់ចរាចេណ៍) នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នាឱកាសនោះលោក លី ឌី សមាជិកគណៈកម្មាធិការអនុសាខា និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលអនុសាខាផ្តល់ជូនទទួលបាន៖
អង្ករ៣០គក្រ គ្រឿងឧបភោគបរិភោគ១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១យួរ ទឹកសុទ្ធ៣យួរ ដោយឡែកថវិកាឃុំប៉ាក់ខ្លង៥០.០០០រៀលផងដែរ។