លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត និងឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំពិភាក្សាអំពីករណីឆ្លងរាលដាលជំងឺកូវី-១៩ នៅខេត្តកោះកុង ដើម្បីរកពិធានការក្នុងការការពារ និងទប់ស្កាតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះផងដែរ លោកជំទាវ អភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទីតាំងដែលមានការឆ្លង ក៏ដូចជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ស្នើឱ្យសមត្ថកិច្ច និងប្រជាជនទាំងអស់ចូលរួមចំណែកឱ្យបានទាន់ពេលវេលាក្នុងការបង្ការ ទប់ស្កាត់ និងផ្តាច់ការចំលងចូលក្នុងសហគមន៍បន្តទៀត។ មួយវិញទៀតអង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវតែសហការឱ្យបានខ្ជាប់ខ្ជួនជានិច្ច និងផ្តល់លទ្ធភាពដល់ក្រុមគ្រូពេទ្យ ក្នុងការយកសំណាក កំណត់ទីតាំង និងប្រវត្តិនៃការធ្វើដំណើរ ដែលអ្នកមានផ្ទុកជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សបំផុត។
ពិសេសស្នើសុំអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល សូមកុំមានការគេចវេសក្នុងការយកសំណាក ការធ្វើតេស្តរកមេរកកូវីដ-19 និងចូលរួមអនុវត្តឱ្យបានជានិច្ចនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ គោលការណ៍ណែនាំនានា ដើម្បីឈានដល់ការទប់ស្កាត់ការរីករាលដាលជំងឺ ឱ្យមានប្រសិទ្ធភាពខ្ពស់៕