សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងទី ៩ ខែមេសា ឆ្នាំ២០២១ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការីបានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលថវិកាមនុស្សធម៌ពីលោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ និងក្រុមការងារ តាមរយៈសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ខេត្តកោះកុង ដែលបានបរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀលគត់) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។
ក្នុងឱកាសនោះ លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ខេត្តកោះកុង ថាការផ្តល់ថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នាឱកាសនេះ គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់អង្គការក្រៅរដ្ឋាភិបាល ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ជាពិសេស ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ ដែលអាចចាត់ទុកថាជាគំរូមួយសម្រាប់ពិភពលោក។
ជាការឆ្លើយតបលោក ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានពាំនាំប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា បានថ្លែងអំណរគុណដល់ លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ និងក្រុមការងារ ដែលបានចូលរួមចំណែកចែករំលែកនូវអំណោយជាថវិកាតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីបន្តយកទៅជួយសម្រាលនូវទុក្ខលំបាកខ្វះខាតនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះជាបន្តបន្ទាប់ ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ឯកឧត្តមអនុប្រធាន បន្តថា កាយវិការនេះ គឺជាការបង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែករបស់លោកបណ្ឌិត រ៉ូស ម៉ានសះរី និងក្រុមការងារ ជាមួយនឹង ប្រជាជននៅ ក្នុងសហគមន៍ ដ៏ដូចជាការចូលរួមទប់ស្កាត់ នៃជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ បន្តផ្សព្វផ្សាយជាប្រចាំអំពីសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ និងបន្តផ្តល់អំណោយជាស្បៀង-សម្ភារជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដើម្បីជួយសម្រាលដល់ជីវភាពក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩នេះ៕