លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំវិធានការអន្តរាគមន៍ក្នុងការគ្រប់គ្រងកន្លែងធ្វើចត្តាឡីស័ក និងការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងក្រុមហ៊ុនយូញៀន ស្រុកគិរីសាគរ។ -អគារក្រុមហ៊ុន LONG BAY ជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង ដោយមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣០នាក់ ស្រី០៧នាក់ គិតចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន និងមានអ្នកកំពុងធ្វើចត្តាឡីស័ក សរុបចំនួន ១.២១១នាក់ ស្រី៣៨០នាក់។ ដើម្បីគ្រប់គ្រងការរីករាលដាលទាមទារឱ្យមានការវិធានការគ្រប់គ្រងមួយប្រកបដោយប្រសិទ្ធភាព ក្នុងនោះលោកអភិបាលរងខេត្ត បានលើកឡើងថា កន្លងមករដ្ឋបាលមិនបានប្រើកម្លាំងមានសមត្ថកិច្ចខេត្តនោះទេ គឺប្រើតែកម្លាំងសន្តិសុខឯកជនរបស់ក្រុមហ៊ុន និងកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក តែដោយសារស្ថានភាពបច្ចុប្បន្ន ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅតែបន្តមាន ក្នុងនោះក្រុមហ៊ុន យូញៀន បានស្នើមករដ្ឋបាលខេត្ត ដើម្បីមានវិធានការដោះស្រាយ ក្នុងនោះកិច្ចប្រជុំបានសម្រេច៖ ១-ស្នើសូមកម្លាំងមានសមត្ថកិច្ចខេត្ត ដើម្បីគ្រប់គ្រងច្រកចេញចូល និងតាមដានអ្នកកំពុងចត្តាឡីស័កក្នុងអគារ ២-ចាត់វិធានការណ៍នានា ដេីម្បីកុំអោយបន្តការឆ្លងជំងឺកូវីដ-១៩ នៅក្នុងបរិវេណតំបន់តារាសាគរ និងតំបន់នានា៕
ប្រភព : លោក វ៉ែន សុខា