រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងស្រុកបូទុមសាគរ

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងសាលប្រជុំសាលាស្រុកបូទុមសាគរ មានរៀបចំពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត ០៣អង្គ ជាព្រះអនុគណស្រុក លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខា លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសប្បុរសជន នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងកម្មវិធីនោះ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឡើងអាន របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររអនុសាខាស្រុក បានអនុវត្ត ឆ្នាំ២០២០ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២១ ជូនអង្គពិធីបានជ្រាបជារបាយការណ៍។
បន្ទាប់មកលោក លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានធ្វើបទបង្ហាញដល់អង្គពិធីទាំងមូលបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ ។

តមកលោកជំទាវ សរ ស៊ីមអ៊ីម សមាជិកគណៈកម្មាធិការសាខា បានអានសេចក្តីសម្រេច ប្រកាសតែងតាំង ទទួលស្គាល់សមាសភាពគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដែលចេញសេក្តីសម្រេចដោយ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចតែងតាំងរួចហើយ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា តំណាងសមាជិកគណៈកម្មាធិការអនុសាខា មានប្រសាសន៍ថា លោកនឹងប្តេជ្ញាចិត្ត ព្រមទាំងសប្បាយរីករាយគោរពជូនចំពោះ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាបានទុកចិត្ត និងប្រគល់ការងារ ព្រមទាំងបានរៀបចំពិធីប្រកាស ទទួលស្គាល់ដើម្បីឲ្យចូលបម្រើក្នុងវិស័យ មនុស្សធម៌ក្នុង ស្រុក ភូមិរបស់ពួកគាត់។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំដែលាម មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូល ដ្ឋាន អោយទាន់ពេលវេលានិងទទួលបានលទ្ធផលជោគជ័យស្រប តាម ទិស ស្លោក “ ទីណា មាន ការលំបាក ទីនោះ មាន កាកបាទ ក្រហម កម្ពុជា និង កាកបាទក្រហម កម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗ គ្នា “។
លោកជំទាវប្រធាន បានផ្ដាំផ្ញើដល់ គណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ និង អ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងគណៈ កិត្តិយស គណៈកម្មាធិការអនុសាខានិងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ ។
២-ត្រូវមានការសហការនិងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីជាពិសេសរដ្ឋបាលស្រុកក្នុងការបំពេញការងារមនុស្សធម៌ជួយ អន្តរាគមន៍ដោះស្រាយទុក្ខលំបាកនិង សេចក្ដីត្រូវការ របស់ ប្រជាជនងាយរងគ្រោះក៏ដូចជាជនរងគ្រោះដោយសារ គ្រោះថ្នាក់សង្គម និង គ្រោះធម្មជាតិ ។
៣- ត្រូវខិតខំពង្រឹងបង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រីបុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំ ទាំងអស់ ដើម្បី ប្រសិទ្ធភាពការងារនិងអនុវត្តតាមច្បាប់លក្ខន្តិកៈវិធាននៃនីតិក្រម និងបទបញ្ញត្តិហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជាឲ្យបានត្រឹមត្រូវ ។
៤-ត្រូវបន្តពង្រឹងពង្រីក សមាជិកកម្លាំង យុវជននិង អ្នកស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់ អនុសាខា កាន់តែមានភាពរស់រវើកផុលផុសនិងមានប្រសិទ្ធភាព ។
៥/បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីស្រុក ។
៦/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕

ក្នុងកម្មវិធីនេះដែរអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានទទួលចំណូលពីសប្បុរសជនជាបឋមចំនួន ១០.០៨៣ ដុល្លារផងដែរ៕

អត្ថបទទាក់ទង