លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំណែនាំ និងកំណត់លក្ខខណ្ឌមួយចំនួនដល់អាជីវករ ដែលប្រកបអាជីវកម្មដឹកអាចម៍ដី នៅតាមក្រុង ស្រុក មួយចំនួន នៃរដ្ឋបាលខេត្តកោះកុង។
ក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធអោយមានចំណាត់ការលើការស្នើសុំអាជីវកម្មដឹកអាចម៍ដី និងអាជីវករពុះឡូរ៍ដី អោយមានអត្តសញ្ញាណត្រឹមត្រូវ ហើយគោរពច្បាប់ និងការណែនាំ។ លក្ខខណ្ឌមួយចំនួនដែលត្រូវអនុវត្តរួមមាន ១.អាជីវករដឹកអាចម៍ដីត្រូវគោរពតាមការណែនាំ និងត្រូវមានបណ្ណបើកបរ និងផ្លាកលេខរថយន្ត ២.អាជ្ញាធរក្រុង ស្រុក ត្រូវណែនាំដល់អ្នកចិញ្ចឹមត្រចៀកកាំអោយបើកសម្លេងតាមការកំណត់របស់រដ្ឋបាលក្រុង ស្រុក និង៣.រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំអោយអាជីវករ ឬប្រជាពលរដ្ឋ ដែលបានលើកផ្ទាំងប៉ាណូ និងចាក់បំពេញអាចម៍ដី ត្រូវសុំអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវ។ ជាលទ្ធផល រដ្ឋបាលមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នឹងខិតខំណែនាំដល់អាជីវករ មកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ដើម្បីមានមូលដ្ឋាន ក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម៕