លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ស្រេង ហុង បានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ-១៩ ជាពិសេសនាពេលថ្មីៗនេះ មានបញ្ហាផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ធ្វើឱ្យការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ នៅខេត្តកោះកុង ត្រូវពន្យារពេល តែទោះជាយ៉ាងណា ខេត្តកោះកុងនឹងរៀបចំទិវានេះ នៅពេលស្ថានភាព នៃជំងឺនេះមានភាពធូរស្បើយ និងមានការឯកភាពពី លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ លោក បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ នឹងរៀបចំឱ្យមានពិធីប្រកាសសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង សមាសភាពក្រុមការងារអន្តរមន្ទីរ អង្គភាព សម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមាសភាពរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) និងពិធីចែកប័ណ្ណសសើរ ដល់មន្ទីរ អង្គភាព រួមគ្នាតែម្តង។ ជាមួយគ្នានេះ លោកបានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ពិនិត្យកិច្ចការដែលត្រូវធ្វើ និងត្រៀមលក្ខណៈឱ្យបានល្អិតល្អន់សម្រាប់ការចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ នេះ៕