លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយ ដោយទទួលបានការចាត់តាំងពី លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឱ្យចូលរួមជា អធិបតី ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នាឱកាសនេះ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខិតខំយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី ស្រី ពិនសោភា អតីតអភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួន ដោយទំនួលខុសត្រូវខ្ពស់ តាមរយៈការចូលរួមសហការ ដឹកនាំ គ្រប់គ្រង កសាង និងអភិវឌ្ឍន៍ស្រុកមណ្ឌលសីមា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នាពេលកន្លងមក។
ក្នុងឱកាសនេះដែរ ខ្ញុំសូមសំដែងនូវការអបអរសាទរ ចំពោះលោកស្រី ស្រី ពិនសោភា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេភារកិច្ចពី អភិបាលរងនៃគណៈអភិបាលស្រុកមណ្ឌលសីមា មកជា អភិបាលរងនៃគណៈអភិបាលស្រុកកោះកុង តាមរយៈប្រកាសលេខ ១១៩៩៧ប្រក ចុះថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ខ្ញុំជឿជាក់ថា លោកស្រីអភិបាលរងស្រុក នឹងបន្តសហការល្អ ជាមួយក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដោយយកអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រជ្ញា ស្មារតី សមត្ថភាពជំនាញ បទពិសោធន៍ការងារ និងឆន្ទៈមនសិការ សំដៅចូលរួមថែរក្សា ពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ស្រុកកោះកុង ឱ្យកាន់តែមានការអភិវឌ្ឍន៍ និងទទួលបានសមិទ្ធផលថ្មីៗ ថែមទៀត។
ដើម្បីបន្តជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចោញ្ញោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសឱ្យឈានឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០”។ ដូចនេះ ខ្ញុំសូមផ្តល់នូវអនុសាសន៍ណែនាំលើកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
ទី១.ការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ៖ ដើម្បីសម្រេចបាននូវអាទិភាពគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការរក្សាបាននូវសន្តិសុខ និងស្ថិរភាព នយោបាយ ជាបុរេលក្ខខណ្ឌ ក្នុងការធានាបាននូវការអភិវឌ្ឍ, ការអនុវត្តគោលនយោបាយសេដ្ឋ កិច្ចបើកចំហ, ការបន្តអភិវឌ្ឍន៍, ការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន, និងការពង្រឹងភាព ជាម្ចាស់, ភាពជាដៃគូ ព្រមទាំងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការកៀរគរធនធាន ហិរញ្ញវត្ថុ បច្ចេកទេស និងចំណេះដឹង សម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់គុណ តម្លៃខ្ពស់បំផុតលើការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង ការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គម ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ផ្អែកលើមូលដ្ឋាននេះ ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាម គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកោះកុង ត្រូវប្រមូលផ្តុំយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗដូចតទៅ៖ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព នូវសកម្ម ភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ ការញុះញង់អុចអាល ប៉ុនប៉ងបង្កឱ្យមានអំពើហិង្សា ភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ត្រូវយកចិត្តទុកដាក់ ជំរុញកម្លាំងចលករ ខិតខំបំផុសអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀស វាងការចូលរួមក្នុងសកម្មភាពណាដែលផ្ទុយពីច្បាប់ ដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខជាតិ ក៏ដូចសកម្មភាពទាំងឡាយណា ត្រូវយកចិត្តទុកដាក់ជំរុញបំផុសចលនាឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន ចូលរួមក្នុងការ អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាព ដើម្បី រួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងដែនសមត្ថកិច្ច ត្រូវបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ បទល្មើស គ្រឿងញៀន ល្បែងស៊ីសង ការជួញដូរមនុស្ស ក្មេងទំនើង ពិសេស បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដោយត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេស ស្រទាប់យុវជន វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍នៅមូលដ្ឋាន ឱ្យចូលរួមជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចជាប់ជាប្រចាំ។
ទី២. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៖ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេលជាង២ទសវត្សរ៍ កន្លងទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័ន ដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នីតិវិធីបំពេញការងារ សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ប្រកបដោយភាពជា ម្ចាស់ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។ ក្នុង ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានផ្ទេរមុខងារមួយចំនួនដោយបានដាក់ចេញនូវ អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅក្នុងឆ្នាំ២០១៩ និងនៅឆ្នាំ២០២៣ ក៏បានផ្ទេរមុខងារការគ្រប់គ្រងសាលា បឋមសិក្សា ការអប់រំក្នុងនិងក្រៅប្រព័ន្ធ ក្នុងវិស័យអប់រំ មករដ្ឋបាល ក្រុង ស្រុក ខណ្ឌ ផងដែរ។ ក្នុងន័យនេះ រដ្ឋបាលស្រុកកោះកុង ត្រូវសហការអនុវត្តប្រកបដោយភាពម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ ក្នុងក្របខណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនលើការដឹកនាំ គ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ និងប្រើប្រាស់ធនធាននានាដែលបានផ្ទេរ ជាពិសេស មុខងារវិស័យអប់រំ ដើម្បីធានាក្នុងការផ្តល់សេវាអប់រំ ជូនសិស្សានុសិស្សប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន។
ទន្ទឹមនេះ រដ្ឋបាលស្រុកកោះកុង ត្រូវពង្រឹងតួនាទី តាមដាន ត្រួតពិនិត្យ និងការគាំទ្រដល់រដ្ឋបាលឃុំ នៅក្នុងការរៀបចំកែសម្រួលកម្មវិធីវិនិយោគ ការរៀបចំថវិកាគម្រោង ការដេញថ្លៃគម្រោង ការគ្រប់គ្រង និងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ឱ្យបានត្រឹមត្រូវស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។
ទី៣. អំពីការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ៖ រដ្ឋបាលស្រុក ត្រូវបន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ តាមការិយាល័យច្រកចេញចូលតែមួយ ដោយត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងមានគណនេយ្យភាពក្នុងការគ្រប់គ្រង ការចាត់ចែង ការផ្តល់សេវា និងត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអាកប្បកិរិយា របស់មន្ត្រីក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ សំដៅធានាឱ្យប្រជាពលរដ្ឋ មកទទួលបានសេវាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព សមធម៌ និងគណនេយ្យភាព ឆ្លើយតបតម្រូវការទាន់ពេលវេលារបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ត្រូវខិតខំសម្របសម្រួល ពង្រឹង ពិនិត្យ តាមដាន និងគាំទ្រដល់ដំណើរ ការក្នុងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីធានាថា ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋនៅកន្លែងតែមួយ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។
ទី៤. ការពង្រឹងរបៀបរបបការងារ ៖ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អ ដោយផ្អែកលើមូលដ្ឋានច្បាប់ អនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន ចាំបាច់បន្ទាន់ណាមួយ ដោយមិនត្រូវទុកការងារចោលឡើយ ព្រមទាំងត្រូវធ្វើការប្រជុំផ្ទៃក្នុងដើម្បីដោះស្រាយការងារ ការគ្រប់គ្រង និងការតែងតាំងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងនីតិវិធីឱ្យបានម៉ឺងម៉ាត់។ រាល់ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការ ត្រូវឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពការងារ និងត្រូវផ្អែកតាមគោលការណ៍នៃការបញ្ជាបយេនឌ័រ ក្នុងវិស័យ មុខងារសាធារណៈ និងគោលការណ៍បរិយាប័ន្ន និងសមធ៌មសង្គម ត្រូវពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីឱ្យបានតឹងរ៉ឹង និងត្រូវខិតខំបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រី ព្រមទាំងបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរាជការគ្រប់រូប ឱ្យស្របតាមសមត្ថភាពជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃការិយាល័យ ដែលមន្ត្រី ទាំងនោះកំពុងបំពេញ សំដៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការ អនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យនីមួយៗឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
ជាថ្មីម្តងទៀត ខ្ញុំសូមស្នើដល់រដ្ឋបាលស្រុក និងជាពិសេសរដ្ឋបាលឃុំទាំង៤ នៃស្រុក កោះកុង ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យបានល្អបំផុត នូវលិខិតលេខ ២៦៤១ សជណ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់កិច្ចសហការ និងគាំទ្រដល់ដំណើរការផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ត្រូវជំរុញការងារចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតស្របតាមប្រតិទិនរបស់ គ.ជ.ប. ដោយត្រូវសហការឱ្យបានល្អ ជាមួយ គ.ជ.ប. និងណែនាំដល់អ្នកដែលមិនទាន់បានចុះឈ្មោះ មិនទាន់បានទៅពិនិត្យបញ្ជីឈ្មោះ និងមិនទាន់បានធ្វើជីវមាត្រ ត្រូវសម្របសម្រួលនិងជំរុញពួកគាត់ឱ្យទៅការិយាល័យចុះឈ្មោះ នៅតាមសាលាឃុំ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ បន្ថែមពីលើនេះ កន្លងមករដ្ឋបាលខេត្ត បានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចហើយជូន មន្ត្រីរាជការ អាជ្ញាធរ អង្គការសង្គមស៊ីវិល អាជីវករ សេវាករ និងអ្នកធុរកិច្ចទូទាំងខេត្តអំពីការ អនុវត្តអនុក្រឹត្យលេខ០៣ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ខ្ញុំសូមរំលឹកជាថ្មីម្តងទៀតថា ការអនុវត្តច្បាប់ចំពោះបទល្មើស និងអ្នកពាក់ព័ន្ធជាមួយ បទល្មើស Scams Online នេះ គឺមិនមានការយោគយល់នោះទេ។ ដូចនេះ សូមក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្នុងស្រុកកោះកុង និងអាជ្ញាធរឃុំ ភូមិ ត្រូវចៀសវាងជាដាច់ខាត ហើយត្រូវរួម សហការគ្នាសម្អាតផ្ទះយើង គឺត្រូវតែបោសសម្អាត Scams Online ឱ្យអស់ពីខេត្តកោះកុង៕
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦






























