លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំព័ត៌មានវិទ្យាក្នុងស្រុកគិរីសាគរ ដោយមានអញ្ជើញជាគណៈអធិបតីភាពពីលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក ព្រមទាំងការអញ្ជើញចូលរួមពីលោកមេឃុំភ្ញីមាស ក្រុមប្រឹក្សាឃុំកោះស្ដេច ស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលស្រុក លោកនាយក នាយិកាសាលាទូទាំងស្រុក លោកស្រីប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ លោកប្រធានប៉ុស្ដិ៍សុខភាពភ្ញីមាស និងអ្នកទទួលបន្ទុកព័ត៌មានវិទ្យាតាមបណ្ដាអង្គភាព។នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ក្នុងនោះដែរលោកសាយ ង៉ែត អភិបាលរងស្រុក បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យព័ត៌មានវិទ្យា និងបណ្តាញសង្គម ខណៈដែលបច្ចុប្បន្នព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានភាពវឹកវរ និងការយល់ច្រឡំក្នុងចំណោមសាធារណជន។ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព លោកអភិបាលរងស្រុក បានផ្តល់មតិណែនាំដូចខាងក្រោម÷
គ្រប់អង្គភាពត្រូវសហការជិតស្និទ្ធជាមួយ «ក្រុមការងារព័ត៌មានវិទ្យាស្រុក» ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន និងទាន់សភាពការណ៍ ។
មន្ត្រីព័ត៌មានត្រូវយល់ដឹងស៊ីជម្រៅអំពីច្បាប់ និងគោល នយោបាយរាជរដ្ឋាភិបាល ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវជូនពលរដ្ឋ។
ថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន បង្កើនការលើកទឹកចិត្ត និងបំពាក់សម្ភារចាំបាច់ ដើម្បីធានាគុណភាពនៃការផលិតព័ត៌មាន។
មន្ត្រីរាជការគ្រប់ផ្នែកត្រូវផ្តល់ទិន្នន័យជាក់ស្តែង និងទាន់ពេលវេលា ជូនមន្ត្រីព័ត៌មាន ដើម្បីកសាងខ្លឹមសារព័ត៌មានដែលមានជម្រៅ និងមានទម្ងន់មុននឹងបញ្ជូនទៅកាន់សាធារណជន។
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦






























