ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក គង់ ចន្ទថុល្ល ប្រធានស្តីទី មន្ទីរធម្មការនិងសាសនាខេត្តកោះកុង ដឹកនាំលោក កង កុសល ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យបានចូលរួមសម្របសម្រួលក្នុងកម្មវិធីប្រគេនទៀនចាំណាំព្រះវស្សា គ្រងបរិក្ខា ទេយ្យទាន ព្រមទាំងបច្ច័យបួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងព័ន្ធសីមា វត្តរស្មីសាមគ្គីគិរីទ័ពជាង ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ លោក ឆេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជេីញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមនិងលោកជំទាវមានសទ្ធាជ្រះថ្លាបានប្រគេនសម្ភារសិក្សានិងបច្ច័យបួនដល់សមណសិស្សសរុប១៩អង្គ ដែលកំពុងសិក្សារៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សាក្រុងខេមរភូមិន្ទ ដែលបានបង្រៀនផ្ទាល់នៅក្នុងទីរាមនោះ ។
ក្រោយចប់កម្មវិធីលោកប្រធានស្តីទីមន្ទីរធម្មការនិងសាសនាខេត្ត បានអមដំណេីរ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងសប្បុរសជន ពិនិត្យពីវឌ្ឍនភាពនៃការកសាងព្រះវិហារដែលបានរួចរាល់ជាស្ថាពរនឹងកំពុងរងចាំពេលវេលាសម្ពោធនិងបញ្ចុះខណ្ឌសីមានាពេលខាងមុខ ។
តាមការបញ្ជាក់របស់ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះបាឡាត់ទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តបានរៀបរាប់ពីការកសាងនិងដំណេីរការកសាងព្រះវិហារនេះគឺជាការគិតគូរគ្រប់ជ្រុងជ្រោយនៃសំណង់ស្ថាបត្យកម្ម សណង់វប្បធម៌ សាសនា ដែលព្រះអង្គគ្រូបានយកមកកសាងព្រះវិហារនេះតាមលំនាំប្រាសាទបុរាណមានប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងលំនាំរាជវាំង ។


















