លោក អៀត យ៉ូម៉ូ អនុប្រធានការរិយាល័យស្ថិតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល មន្ត្រីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ចុះស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦ រយៈពេល១ខែ ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមពេលបញ្ចប់វគ្គបណ្តុះបណ្តាលនិងត្រូវបន្តបេសកម្មចុះសម្ភាសន៍ស្រង់ទិន្នន័យនៅតាមភូមិ មណ្ឌលអង្កេតគំរូដែលបានជ្រើសរើសក្នុង រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ប្រព្រឹត្តិទៅនៅទីស្តីការក្រសួងផែនការ ជាន់ទី៩ ។វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺដើម្បីបង្ហាត់បង្ហាញនូវវិធីសាស្ត្រសម្ភាសន៍ ស្រង់ទិន្នន័យគ្រប់ទម្រង់នៃតារាងសំណួរ សម្រាប់អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦។ គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាពគឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹង ប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង ការប្រើប្រាស់សេវាសុខភាព សុខភាពមាតានិងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ មរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រីនិងកុមារតូច កម្រិតលទ្ធភាពមានកូននិងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹងនិងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត។ អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នឹងផ្ដល់នូវទិន្នន័យស្ថិតិសម្រាប់សូចនាករវាស់វែងចម្បងៗមួយចំនួន អំពីសុខភាព និងប្រជាសាស្ត្រ ការប្រើប្រាស់ទឹក និងអនាម័យ ការអប់រំ សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រី ភាពក្រីក្រ វិសមភាពសង្គម និងភាពងាយរងគ្រោះ ដើម្បីធ្វើការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ (PS1) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លើសពីនេះទៀតលទ្ធផលអង្កេតនេះក៏បំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាននិងអន្តរជាតិ ពិសេសទៅទៀតលទ្ធផលអង្កេតផ្តល់ឱ្យរដ្ឋាភិបាលធ្វើរបាយការណ៍អំពីវឌ្ឍនភាពស្ត្រីប្រចាំឆ្នាំជូនអង្គការសហប្រជាជាតិ ។
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦




