ថ្នាក់ដឹកនាំ-មន្ត្រីថ្នាក់កណ្តាល និងសាខាតាមព្រំដែនកម្ពុជា ថៃ ចូលរួមសិក្ខាសាលាស្តីពី «ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព» ក្រោមការសម្របសម្រួលពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)…!!
នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក Stéphane Bonamy ប្រតិភូជាន់ខ្ពស់ ICRC បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព របស់កាកបាទក្រហមកម្ពុជា” ដោយ មានអ្នកចូលរួមប្រមាណ ៤៧នាក់ រួមមានថ្នាក់ដឹកនាំ មន្ត្រី នៃថ្នាក់កណ្តាល និងមន្ត្រីប្រតិបត្តិមកពីសាខាតាមបណ្តាព្រំដែនរួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ សិក្ខាសាលានេះត្រូវបានសម្របសម្រួលដោយតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកជំទាវអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថាសិក្ខាសាលាក្នុងរយៈពេល២ថ្ងៃនេះនឹងទទួលបានផ្លែផ្កាល្អ ដោយមាន ចំណេះដឹងថ្មីបន្ថែមទៀត និងស្នើសុំមន្ត្រីទាំងអស់ដែលជាសិក្ខាកាមមេត្តាចូលរួមពិភាក្សា ផ្តល់យោបល់ឱ្យបានផុសផុល និងដាក់ជាសំណួរទៅកាន់វាគ្មិនដែលជាអ្នកជំនាញ ដើម្បីឱ្យមានភាពប្រាកដប្រជា ច្បាស់លាស់ នៅពេលចុះទៅបំពេញភារកិច្ចការងារ ឱ្យធានាបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕





