អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចាត់តាំង អ្នកឧកញ៉ា ឡាវ កាង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នាំយកអំណោយ ផ្តល់ជូនពលរដ្ឋភៀសសឹកជាង ២ពាន់គ្រួសារ នៅខេត្តកោះកុង
កោះកុង៖ នាព្រឹកថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នាំយកអំណោយសប្បុរសធម៌របស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលមានជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ២,០០០គ្រួសារ នៅខេត្តកោះកុង។
ពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនេះដែរ អ្នកឧកញ៉ា ឡាវ កាង ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសមាណចិត្តអាណិតអាសូរជាពន់ពេក ចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចម្ការ រត់ភៀសខ្លួន គេចចេញពីតំបន់គ្រោះថ្នាក់នៃការបាញ់ផ្លោងរបស់យោធាថៃ មករស់នៅតំបន់សុវត្ថិភាពនាពេលនេះ។
នៅចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក អ្នកឧកញ៉ា ឡាវ កាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា បណ្ដាលឱ្យមានការបាត់បង់អាយុជីវិតវីរកងទ័ព និងប្រជាពលរដ្ឋមួយចំនួននៅខេត្តជាប់ព្រំដែន ព្រមទាំងមានការភៀសខ្លួនជនស៊ីវិលកើនឡើងជាបន្តបន្ទាប់មកតំបន់សុវត្ថិភាព។
ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានការអត់ធ្មត់ខ្ពស់ ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ក្នុងឱកាសនោះលោកជំទាវ អភិបាលខេត្ត ឈី វ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចាត់តំណាងនាំយកអំណោយមូលនិធិសភាពាណិជ្ជកម្មកម្ពុជា មកចែកជូនពលរដ្ឋភៀសសឹកជាង ២,០០០គ្រួសារ ខណៈដែលពួកគាត់កំពុងស្នាក់នៅតាមជំរំសុវត្ថិភាពក្នុងស្រុកស្រែអបិល នៃខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានឱ្យដឹងថា ការភៀសខ្លួនរបស់ប្រជាពលរដ្ឋមកកាន់ជំរំសុវត្ថិភាព បានបន្តកើនឡើងជាបន្តបន្ទាប់ ខណៈដែលនៅព្រលប់ថ្ងៃម្សិលមិញនេះ យោធាថៃ បានបន្តបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ពី ១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែធ្នូនេះ ពលរដ្ឋដែលបានមកស្នាក់នៅក្នុងជំរំសុវត្ថិភាព មានចំនួនសរុប ២,០០០គ្រួសារ។ ពលរដ្ឋភៀសសឹកទាំងនេះ កំពុងស្នាក់នៅជំរំសុវត្ថិភាព ក្នុងស្រុកចំនួន ៣ គឺស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកកោះកុង។
ទន្ទឹមនឹងនេះ លោកជំទាវ អភិបាលខេត្ត បានចាត់ទុកអំណោយពីមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង ពិតជាបានចូលរួមចំណែកចែករំលែកការលំបាករបស់អាជ្ញាធរខេត្ត និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ និងជាក់ស្តែងរបស់ជនភៀសសឹកដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល, លោកជំទាវ ឈី វ៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ក៏ដូចជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃភាពាណិជ្ជកម្មកម្ពុជា សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនប្រជាពលរដ្ឋនៅខេត្តកោះកុងនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវសូមឲ្យពិភពលោកនាំគ្នាជួយបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ជាបន្ទាន់ ដើម្បីសេចក្តីសុខ និងសន្តិភាព ព្រមទាំងអាចឲ្យប្រជាពលរដ្ឋវិលត្រលប់ទៅផ្ទះរបស់ខ្លួន និងប្រកបមុខរបរផ្សេងៗ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចបង្កើតមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ដើម្បីរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លា ហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងបច្ចាមិត្តទាំងឡាយដែលឈ្លាន ពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងចែកជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាកន់មណ្ឌលសុវត្ថិភាពនានា ដោយឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរឈ្នះ»៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត





































