ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” បានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធបញ្ញាពិភពលោក(WIPO) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង, អភិបាលស្រុក/មេឃុំពាក់ព័ន្ធ, មន្ទីរទេសចរណ៍ខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, សភាពាណិជ្ជកម្មខេត្ត, សាខាកបប ខេត្ត, សហគមន៍នានា, អ្នករក/អ្នកប្រមូលទិញក្តាមថ្ម, និងអាជីវករ សរុបចំនួន ៨០នាក់។
សិក្ខាសាលានេះ ផ្តោតសំខាន់លើ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលធ្វើឱ្យការផលិតផលិតផលតាមបែបប្រពៃណី ឬចំណេះដឹង-ចំណេះធ្វើរបស់កសិករក្នុងស្រុក ក្លាយជាទ្រព្យកម្មសិទ្ធិបញ្ញា ដែលអាចធ្វើអាជីវកម្មបាន និងមានអត្ថប្រយោជន៍ជាអាទិ៍៖
ផ្តល់ភាពធន់ និងចីរភាព៖ តាមរយៈការរៀបចំចងក្រងស្តង់ដាររួម ឬសៀវភៅបន្ទុកម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ “ក្តាមថ្មកោះកុង” ដោយមានការចូលរួមដោយមន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ អាចធ្វើឱ្យការនេសាទមានភាពធន់ និងអាចប្រមូល ផលទៀងទាត់ បរិស្ថានល្អ ការអភិរក្សជីវៈចម្រុះ និងជំរុញការអភិវឌ្ឍក្នុងតំបន់រយៈពេលវែង។
ការបន្ថែមតម្លៃលើផលិតផល និងស្តង់ដារ៖ ការរួបរួមគ្នាផលិត និងប្រមូលផលតាមស្តង់ដាររួម ដែលបានឯកភាពគ្នាដោយសហគមន៍ ឬសមាគម និងការប្រើប្រាស់រូបសញ្ញាម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ “ក្តាមថ្មកោះកុង” លើផលិតផលក្តាមថ្ម សម្រាប់ដាក់លក់លើទីផ្សារ បានធ្វើ ឱ្យអ្នកប្រើប្រាស់ ឬអតិថិជន មានទំនុកចិត្ត និងហានចំណាយតម្លៃខ្ពស់លើផលិតផលពាក់ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ ដែលផលិតផលធម្មតា មិនអាចធ្វើការប្រកួតប្រជែង ឬក្លែងបន្លំគុណ ភាពរបស់ “ក្តាមថ្មកោះកុង” បានឡើយ។
ការអភិវឌ្ឍទីជនបទ និងកំណើនប្រកបដោយបរិយាបន្ន៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹង ជួយឱ្យប្រជាកសិករ ឬនេសាទក្នុងតំបន់ទទួលបាននូវកម្រៃបន្ថែមពីការផលិត ឬការនេសាទ ក្តាមថ្ម កាត់បន្ថយការចំណាកស្រុក កំណើនសេដ្ឋកិច្ច និងលើកកម្ពស់របស់សហគមន៍ ឬសមាគម និងតំបន់ផងដែរ។
បង្កើនភាពប្រកួតប្រជែងសម្រាប់នាំចេញ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជានិមិត្តសញ្ញារួម មួយ ដែលមានបង្កប់នូវស្តង់ដារផលិតរបស់សហគមន៍ ឬសមាគម និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស និងអាចបន្ថែមស្តង់ដារជាតិ និងអន្តរជាតិសម្រាប់ការនាំ ចេញ ដែលទទួលស្គាល់ដោយក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។
ការផ្សារភ្ជាប់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងទេសចរណ៍៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ នឹងចុះទៅធ្វើទស្សនាកិច្ច និងសិក្សាស្វែងយល់អំពី លក្ខណៈពិសេស និងគុណភាព នៃផលិតផល ក្តាមថ្មកោះកុង និងបទពិសោធន៍នានា ពិសេសការប្រើប្រាស់ផលិតផលនៅតាម ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការតាំងលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាវត្ថុ អនុស្សាវរីយ៍ ។ល។



















