ខេត្តកោះកុង: នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក គិត សុផា អភិបាលរង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង បានដឹកនាំសហការី នៃក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៦ ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
លោកអភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាឥស្សរជនដ៍ឆ្នេីមមួយរូបដែលពោរពេញដោយឆន្ទៈ មនសិការ ក្នងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ជាពិសេសឯកឧត្តមបានអនុវត្តន៍ភារកិច្ចដ៍ឧត្តុងឧត្តមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា និងខិតខំបម្រើបងប្អូនអតីតយុទ្ធជនប្រកបដោយគុណធម៌ និងការយកចិត្តទុកដាក់ខ្ពស់ ។
ប្រធានប្រតិភូទាំងពីរ និងសហការី បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធ និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធគាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានសំណេះសំណាល ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារ ព្រមទាំងបានចូលរួមថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ ។














