លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរ អង្គភាព រដ្ឋបាលក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងដីគ្រោងរៀបចំទីលានទុកដាក់សំរាម សំណល់រឹង នៅខេត្តកោះកុង ដោយបានចុះពិនិត្យ ចំនួន០២ទីតាំង គឺ -ទីតាំងទី១ ផ្ទៃដីទំហំ ៩៦,៥៣ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា (ទីតាំងដីថ្មីមិនទាន់មានការចាក់សំរាម) -ទីតាំងទី២ ផ្ទៃដីទំហំ៥០ហិកតា ស្ថិតនៅភូមិទួលគគីលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា (ទីតាំងចាក់សំរាមបច្ចុប្បន្ន)។
ក្រោយការចុះពិនិត្យទីតាំងដី ក្រុមការងារបានប្រជុំនេះ ដើម្បីពិនិត្យអាទិភាព និងលក្ខណបច្ចេកទេសសមស្របក្នុងការរៀបចំទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដារខេត្តកោះកុង។ ជាលទ្ធផលអង្គប្រជុំទាំងមូលបានគាំទ្រគម្រោងរៀបចំទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង និងចាក់ទុកថាទីតាំងទាំង២ មានអាទិភាពដូចគ្នា និងបានដាក់ចេញគោលការណ៍ណែនាំ ដូចខាងក្រោម៖
១. ក្រុមការងារអន្តរក្រសួងនឹងរៀបចំរបាយការណ៍ និងសំណើរគោរពជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីសម្រេចជាគោលការណ៍ និងរកកញ្ចប់ថវិកាក្នុងការអនុវត្តគម្រោង
២. នាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថាន ត្រូវរួមគ្នាសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមលម្អិតលើទីតាំងទាំង២
៣. រដ្ឋបាលខេត្ត ត្រូវដឹកនាំរដ្ឋបាលក្រុងស្រុក និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការគ្រប់គ្រង សំអាតទីតាំងចាក់សំរាមបច្ចុប្បន្ន ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីអាចប្រើប្រាស់បណ្តោះអាសន្ន ប្រហែលរយៈពេល២ឆ្នាំ ទំរាំទីតាំងចាក់សំរាមស្តង់ដារត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការគ្រប់គ្រងសំរាម។ ៤. រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរបរិស្ថាន ត្រូវសហការក្នុងការគ្រោងទីតាំងដីតាមក្រុង ស្រុក ឃុំ សង្កាត់ផ្សេងទៀត ដើម្បីរៀបចំជាទីលានទុកដាក់សំរាម សំណល់រឹង នៅថ្ងៃអនាគត។















