ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អញ្ជើញទទួលដំណើររបស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ក្នុងពិធីប្រកាសតែងតាំងសមាសភាពមន្រ្តីប្រចាំការនៅស្ថានីយ៍ជញ្ចីងអចល័ត បឹងឃុនឆាង ខេត្តកោះកុង ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុប១១រូប។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងថា គិតមកទល់ម៉ោងនេះ ស្ថានីយ៍ជញ្ជីងអចល័ត បឹងឃុនឆាង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ សម្រេចបានប្រមាណ៩០ភាគរយ ដោយក្រុមការងារជំនាញដែលមានសមាសភាពប្រកាសតែងតាំងថ្ងៃនេះ នឹងផ្តើមអនុវត្តការងារតាមដានរថយន្តដឹកជញ្ជូនលើសកំណត់ជាបណ្តើរៗហើយ។
លោក អន ដាវុធ បន្ថែមទៀតថា ដំណើរការងារកសាងស្ថានីយ៍ជញ្ជីងអចល័តខាងលើ នៅសេសសល់តែតម្លើងគ្រឿងបរិក្ខារបច្ចេកទេសមួយចំនួនបន្ថែមទៀតប៉ុណ្ណោះ គឺអ្វីៗនឹងជោគជ័យជាស្ថាពរដូចតាមការគ្រោងទុក៕

































