13/07/2020 (3:00 pm)
----------------------------------------
លោក ហាក់ ឡេង ប្រធានអនុសាខាកាក បាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារអញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពីព្រះតេជគុណ សុង វាសនា ព្រះចៅអធិការវត្តច័ន្ទមុនីរាម ហៅវត្តអណ្តូងទឹក។
មានសង្ឃដីកានាឱកាសនោះ ព្រះតេជគុណ សុង វាសនា និង ព្រះតេជគុណចំនួន២វត្តទៀត គឺវត្តកណ្តោល និងវត្តតាអុក មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។
មានប្រសាសន៍ក្នុងឳកាសនោះដែរ លោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរបាន ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌របស់ព្រះតេជគុណ សុង វាសនា និងព្រះតេជគុណចំនួន២វត្ត គឺវត្តកណ្តោល និងវត្តតាអុក ក្នុងការយកព្រះទ័យទុកដាក់ប្រទាននូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់ពីព្រះទ័យដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ទេយ្យទានដែលបានទទួលមាន៖ អង្ករ ១៥០គក្រ ទឹកត្រី៦ យួរ ទឹកស៊ីអុីវ ៤យួរ ត្រីខ៦ឡូ អំបិល២០កញ្ចប់ ទឹកសុទ្ធ ៤កេះ មី៦កេះ ទឹកក្រូច ៤កេះ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-----------------------------------------
ថ្ងៃចន្ទ ៨ រោច ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
July 13, 2020