រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ទិវាអន្តរជាតិនៃជនពិការ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត និងពិធីសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ដលសីមា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ទិវាអន្តរជាតិនៃជនពិការ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត និងពិធីសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដែលប្រព្រឹត្តទៅនៅបរិវេណផ្ទះសំណាក់ សេង ឆាយហេង ស្ថិតនៅឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសី​មា ខេត្តកោះកុង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកក្រុមការងាសាខា អនុសាខាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អ្នកផ្ទុកមេរោគអេដស៍, យុវជន ស.ស.យ.ក, យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ ៤០០នាក់។

មានមតិស្វាគមន៍ដោយលោកសុខភិរម្យ ប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងលោកស្រី ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឡើងអានរបាយការណ៍ និង គោលបំណងលើកកម្ពស់ចំណេះដឹងយុវជនឱ្យមានសមត្ថភាពក្នុងការប្រកាន់យកនូវឥរិយាបថវិជ្ជមាន ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

តមកលោកជំទាវ មិថុនា ភូថង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងពីសកម្មភាពមនុស្សធម៌របស់សាខា ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន​ និងសហគមន៍ជាដេីម។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានថ្លែងក្នុងពីធីរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះឡើង ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។
ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ លោកស្រីអនុប្រធានមន្ទីរសុខាភិបាល ដែលបានធ្វើការ បកស្រាយជូនអង្គពិធីបានជ្រាបអំពីស្ថានភាពបច្ចុប្បន្ននៃមេរោគអេដស៍ និងប្រការដែលពលរដ្ឋម្នាក់ៗ ជាពិសេសយុវជនត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការពារខ្លួនមិនឱ្យធ្លាក់ខ្លួនឆ្លងពីគេ ឬចម្លងទៅកាន់អ្នកដទៃ។ ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលមានក្តីអាណិត​-ស្រឡាញ់​ បង្ហាញពីការមិនរេីសអេីងចំពោះអ្នកផ្ទុកមេរោគអេដស៍​ លេីកកម្ពស់សិទ្ធិស្មេីមុខស្មេីមាត់ក្នុងសង្គមជាតិ និងការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ពីម្តាយទៅកូនជាដេីម-ល-។ លោកជំទាវ​ ក៏បានទាញចំណាប់អារម្មណ៍ពីការចាប់យកកម្លាំងយុវជន​មកធ្វេីជាគោលដៅចម្បងក្នុងការអប់រំផ្សព្វផ្សាយ​ លេីកកម្ពស់ការយល់ដឹង​ ព្រោះថាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាអ្នកបន្តវេន​ ជាធនធានមនុស្សដែលប្រកបដោយសមត្ថភាពនិងសុខភាពល្អ​ សម្រាប់ជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍជាតិ​ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជាទៅតាមការរំពឹងទុក។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវក៏បានអានជូននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដែលផ្តាំផ្ញេី​ និងអំពាវនាវជូនបងប្អូនជនរួមជាតិ ចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងបន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥។

សូមបញ្ជាក់ថា ចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការចែកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស កាដូរអនុស្សាវរីយ៍ចំនួន១ ព្រមទាំងថវិកា៦ម៉ឺនរៀលដូចៗគ្នា ដោយឡែក អ្នកស្ម័គ្រចិត្តប្រចាំអនុសាខាស្រុកមណ្ដលសីមាចំនួន ២៦នាក់ ក្នុងម្នាក់ៗទទួលបាន កាដូរអនុស្សាវរីយ៍ចំនួន១ ប័ណ្ណសសេើរ១សន្លឹក អាវយឺត១ មួកសុវត្ថិភាព១ ព្រមទាំងថវិកា ៣ម៉ឹនរៀលដូចៗគ្នា ចំពោះជនពិការ៥នាក់ ទទួលបាន អង្ករ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកា៦ម៉ឺនរៀលដូចៗគ្នា ក្នុងកម្មវិធីនេះផងដែរអនុសាខាទទួលបានថវិកាបរិច្ចាគពីសប្បុរសជនចំនួន ២៤,២១០,០០០ រៀល និង៤,៩១០ ដុល្លារផងដែរ

អត្ថបទទាក់ទង