លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែង ក្នុងពិធីបើកវេទិកា ស្តីពី« កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»
លោកជំទាវអភិបាលខេត្ត បានលើកឡើងថាថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងវេទិការវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី « កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» មានសារៈសំខាន់ នាឱកាសដ៏ថ្លៃថ្លានេះ។
នាងខ្ញុំសូមយកឱកាសនេះ ដើម្បីជម្រាបជូន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក បណ្ឌិត លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី អភិបាល ក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ លោក លោកស្រី មន្ត្រីរាជការ និងសមាជិក សមាជិកា នៃអង្គពិធី ទាំងមូលបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតក្នុងការធ្វើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ការអភិវឌ្ឍន៍តាមបែបប្រជា- ធិបតេយ្យ។ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺមានគោលបំណងសំខាន់ក្នុងការចូលរួម ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ច មូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋឱ្យបានចំគោលដៅ សំដៅចូលរួមអភិវឌ្ឍសេដ្ឋជាតិប្រកបដោយនិរន្តភាព កាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃកំណែទម្រង់គ្រប់ថ្នាក់ ស្របតាមគោលបំណង រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាព នៃកំណែទម្រង់កាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀត ក្រសួងស្ថាប័ន ថ្នាក់ជាតិ បានបង្កើត និងដាក់ចេញឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិជាច្រើន ជាពិសេស កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលយើងទាំងអស់គ្នាបាននិង កំពុងអនុវត្តយ៉ាងសកម្មនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលមាន គ.ជ.អ.ប. បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចក្នុងការរៀបចំវេទិការ ដ៏មានសារៈសំខាន់នេះឡើង។ ជាសក្ខីភាពនៅថ្ងៃនេះ រដ្ឋបាលខេត្តកោះកុង បាននិងកំពុងដំណើការរៀបចំវេទិការវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី « កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួម សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដែលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតការយកចិត្តទុកដាក់ លើការពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បី ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ម្យ៉ាងវិញទៀត ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ» គឺមានគោលបំណងពិគ្រោះ យោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នា វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការ តម្រង់ទិសផ្នែកគោលនយោបាយសម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យ កាន់តែប្រសើរឡើង។ វេទិកានេះនឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្តង ដោយឆ្នាំ២០២៤នេះ គឺជាឆ្នាំចាប់ផ្តើម អនុវត្តដំបូង ហើយរដ្ឋបាលខេត្តកោះកុង បានរៀបចំផែនការសកម្មភាព និងក្របខណ្ឌពេលវេលាដើម្បី រៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ និងតាមកាលបរិច្ឆេទ ដែលបានកំណត់។ ដោយមានការគាំទ្រ និងកិច្ចសហការ ពី លេខាធិការដ្ឋានគ.ជ.អ.ប និងក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកោះកុង បានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះ ដោយបានផ្សព្វផ្សាយជូនដល់មន្ត្រីរាជការពាក់ព័ន្ធ និង បានប្រមូលធាតុចូលសំខាន់ៗ ពី រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធមួយ ចំនួន ជាពិសេសគឺ បញ្ហាប្រឈម និងសំណើ/សំណូមពរ ដែលបានលើកឡើងដោយ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមួយចំនួន។ ពាក់ព័ន្ធទៅនឹងដំណើរ នៃការប្រមូល ធាតុចូលសំខាន់ៗនេះ គឺ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក មានការប្រជុំបូកសរុបជាច្រើនលើកច្រើនសារ និងមានក្រុមការងារបច្ចេកទេសនៅថ្នាក់ខេត្ត ដឹកនាំដោយ លោក ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ជួយពិនិត្យ និងផ្តល់យោបល់កែតម្រូវនូវចំណុចមួយ ចំនួន ព្រោះវេទិការនេះ គឺជាការងារថ្មី។ ចំពោះរបាយការណ៍ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ដែលបានលើក ឡើងមកពីរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត លោក ស្រេង ហុង អភិបាលរងខេត្ត នឹងជម្រាបជូន នា ពេលបន្តិចទៀតនេះ។ ទន្ទឹមនឹងនេះ នាងខ្ញុំសូមស្នើឱ្យអង្គវេទិការទាំងមូល មេត្តាយកចិត្តទុកដាក់ស្តាប់ នូវរបាយការណ៍ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា និងសូមចូលរួមពិភាក្សា ផ្តល់យោបល់ ឱ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យទទួល បានជោគជ័យ និងសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាពេលខាងមុខ។ បន្ទាប់ពីបញ្ចប់ការធ្វើ វេទិកាថ្នាក់ខេត្ត រដ្ឋបាលខេត្តនឹងរៀបចំរបាយការណ៍ ស្តីពី លទ្ធផល នៃការរៀបចំវេទិកា ជូនរាជរដ្ឋាភិ បាលតាមរយៈក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ដើម្បីដោះស្រាយបន្ត នូវបញ្ហាប្រឈម សំណើ/សំណូម ដែលរដ្ឋបាលខេត្ត មិនមានលទ្ធភាពអាចដោះស្រាយបាន។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ និងជួបតែវិបុលសុខគ្រប់ប្រការកុំបី ឃ្លៀងឃ្លាតឡើយ និង សូមប្រកាសបើក វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី"កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" នៅខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨នត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤