លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេស A ចំនួន ១៣នាក់ ក្នុងម្នាក់ ៤ ០០០ ០០០រៀល ដែលជាការឧបត្ថម្ភ របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា គីម ហ៊ាង តាមរយៈលោកជំទាវអភិបាលខេត្ត ជាមួយគ្នានេះដែរ លោកជំទាវ បានឧបត្ថម្ភថវិកាផ្ទាល់ ជូនវិទ្យាល័យដែលសិស្សទទួលបាននិទ្ទេស A ទាំងបួនសាលា នូវថវិកាចំនួន ១ ០០០ ០០០ រៀល ក្នុង១សាលាផងដែរ។
លោកជំទាវ អភិបាលខេត្ត បានលើកឡើងថាក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍន៍ ដែលស្របនឹងការរីកចម្រើន នៃបច្ចេកវិទ្យារបស់ពិភពលោក ការទទួលបានចំណេះដឹង ដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មានការគាំទ្រពីឪពុក ម្តាយ និងមានការជ្រោមជ្រែងគ្រប់លោកគ្រូ-អ្នកគ្រូ ព្រមទាំងអាណាព្យាបាល និងមានការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្តកោះកុង កាន់តែរីកចម្រើនជាបន្តបន្ទាប់។
លោកជំទាវអភិបាលខេត្តបន្តថា ប្អូនៗក្មួយៗសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស «A» ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ ក្នុងការជួយពង្រឹងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ហើយក៏ជាទំពាំងស្នងឬស្សីអនាគត នៃប្រទេសជាតិផងដែរ ដូច្នេះប្អូនៗក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ បង្កើនធនធានមនុស្ស នូវជំនាញឯកទេស ដែលខ្លួនចង់សិក្សាឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់៕
ថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤