រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គម ជាមួយមន្ត្រីបង្គោលយេនឌ័រ តាមវិស័យកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គម ជាមួយមន្ត្រីបង្គោលយេនឌ័រ តាមវិស័យកោះកុង

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួម ជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គម ជាមួយមន្ត្រីបង្គោលយេនឌ័រតាមវិស័យ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យនាងខ្ញុំ សំដែងនូវការកោតសរសើរចំពោះ ថ្នាក់នាំ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ត្រី បង្គោលតាមមន្ទីរ អង្គភាព និងបងប្អូននារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ក្នុងការរួមចំណែកលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។ ខ្ញុំសូមរំលឹកជូនថា ដោយបន្តពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានកំណត់ច្បាស់ ក្នុងមុំទី១ នៃបញ្ចកោណទី៤ ថា : ការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងន័យនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ភាគលាភយេនឌ័រ បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីគ្រួសារ និងចំនួនកូន កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទៅលើស្ត្រី និងក្មេងស្រី និងលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ ដូចគ្នាដែរ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ផែនការតាមវិស័យ ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ និងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តយើង ក៏មានចែងអំពីបញ្ហាយេនឌ័រនេះផងដែរ។
គណៈអធិបតី ! លោក លោកស្រីទាំងអស់ជាទីមេត្រី ! កិច្ចប្រជុំលើកនេះ ក៏មិនខុសពីកិច្ចប្រជុំមុនៗដែរ យើងទាំងអស់គ្នា នឹងរួមគ្នាគិតគូរ និងបន្តខិតខំរួមគ្នា ដើម្បីសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល របស់ គណៈកម្មាធិការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ ថា គ.ជ.អ.ប និងរបស់ក្រសួងកិច្ចការនារី ដែលបានកំណត់។
ខ្ញុំសូមស្នើ សមាជិក នៃកិច្ចប្រជុំទាំងអស់ យកចិត្តទុកដាក់ស្តាប់នូវខ្លឹមសារបទ ឧទ្ទេសនាម និងចូលរួមពិភាក្សា ផ្លាស់ប្តូរ យោបល់គ្នា ដើម្បីទទួលបានព័ត៌មាន បទ ពិសោធន៍ និងចែករំលែកគ្នាទៅវិញទៅមក ទាក់ទងនឹងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។ ការផ្តល់មតិយោបល់ និងការពិភាក្សាពាក់ព័ន្ធ នឹងការងារការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងាររបស់លោកស្រី លោក អ្នកនាងកញ្ញា ដែលបានអនុវត្តនាពេលកន្លងមក នឹងក្លាយជាធាតុចូលដែលមានសារៈសំខាន់ សម្រាប់ការបន្តអនុវត្តគោលនយោបាយឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
នាងខ្ញុំសូមគោរពជូនពរ គណៈអធិបតី លោកស្រី លោក ទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យ គ្រប់ភារកិច្ច និង សូមប្រកាសបើកកិច្ចប្រជុំ ចាប់ពីពេលនេះតទៅ៕
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ October 18, 2024

អត្ថបទទាក់ទង