/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់គម្រោងសេវាសង្គម នៅរដ្ឋបាលឃុំ សង្កាត់

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់គម្រោងសេវាសង្គម នៅរដ្ឋបាលឃុំ សង្កាត់។

លោកស្រីអភិបាលខេត្ត ថ្ងៃនេះ តាងនាមលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវក្តីសោមនស្ស រីករាយបំផុត ដោយបានមកចូលរួមជាមួយលោកជំទាវ លោក លោកស្រី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការកំណត់មាតិកាថវិកានិងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់គម្រោងសេវាសង្គមនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងពេលនេះ។ ជាមួយគ្នានេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសសើរចំពោះកិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការហិរញ្ញវត្ថុ និងរតនាគារខេត្ត ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។
លោកជំទាវ លោក លោកស្រី ជាទីរាប់អាន ! ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជូនថាដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការមួយដ៏សាំញ៉ាំ និងស្មុគស្មាញ ព្រោះជាកំណែទម្រង់ខាងនយោបាយ និងរដ្ឋបាល ដែលតម្រូវឱ្យធ្វើការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការអនុវត្តបណ្តើររៀនសូត្របណ្តើរ និងទាមទារឱ្យមន្ត្រីរបស់យើងមានការផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារផងដែរ។ ទន្ទឹមនេះដោយមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យដំណើរការកំណែទម្រង់នេះបោះជំហានទៅមុខយ៉ាងរឹងមាំ និងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មនូវប្រព័ន្ធអភិបាលកិច្ច ដែលមានកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់នានាតាមវិស័យ។ ក្នុងស្មារតីនេះ ក្រសួងមហាផ្ទៃបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយបានសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមចក្ខុវិស័យ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ ទន្ទឹមនេះ ដើម្បីធានាឲ្យការអនុវត្តគម្រោងសេវាសង្គមនានា ឆ្លើយតបតម្រូវការ អភិវឌ្ឍន៍នៅមូលដ្ឋាន ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៣៨៤០ ប្រ.ក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវសេចក្តីណែនាំលេខ ៨៦៣៧ អ.រតន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៨ ស្តីពីការកែសម្រួលការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់សេវាសង្គមនៅរដ្ឋបាលឃុំ សង្កាត់។
លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូលជាទីគោរពរាប់អាន ! ផ្អែកតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ របស់ខ្លួន។ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ គឺដើម្បីបំលែងខ្លឹមសារនៃផែនការអភិវឌ្ឍន៍ ទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។ ក្នុងដំណាក់កាលនៃការរៀបចំ ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវវិភាគឱ្យបានល្អិតល្អន់ ដើម្បីធានាឱ្យផែនការ និងកម្មវិធីទាំងនោះ ត្រូវបានអនុវត្តជាក់ស្តែង ក្នុងការឆ្លើយតបទៅនឹងតម្រូវការអាទិភាពនានារបស់ជាពលរដ្ឋយ៉ាងពិតប្រាកដ។
កន្លងមក យើងសង្កេតឃើញថា រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បានផ្តោតជាចម្បងទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតែម្យ៉ាងគត់ និងបានដាក់គម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវ័ន្ត (ដែលហៅថា គម្រោងសេវាកម្ម) មានចំនួនតិចតួចបំផុត។ បើទោះជាមានការជំរុញ និងណែនាំយ៉ាងណាក្តី នៅតែសកម្មភាពគម្រោងសេវាកម្ម មិនអាចដំណើរការបានដោយរលូនឡើយ។ ដោយយល់ឃើញនូវសារៈសំខាន់នៃការលើកកម្ពស់ការវិនិយោគផ្នែកសេវាកម្មក្នុងការអភិវឌ្ឍន៍ក្រុង ស្រុក និងឃុំ សង្កាត់ រដ្ឋបាលខេត្ត ចាំបាច់ត្រូវរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជំរុញបន្ថែមទៀត និងជាពិសេស គឺលើកទឹកចិត្តដល់ការរៀបចំ និងអនុវត្តគម្រោងដែលមានលក្ខណៈជាគម្រោងសេវាកម្ម ឬគម្រោងសេវាសង្គម ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវ័ន្តនេះឡើង។

លោកជំទាវ លោក លោកស្រី ជាទីរាប់អាន! ផ្អែកលើបទពិសោធន៍នៃកិច្ចសហការអនុវត្តន៍ការងារកន្លងមក និងស្មារតីទទួលខុសត្រូវ របស់អស់ លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់នៃរដ្ឋបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀន និងជំនួយការឃុំ សង្កាត់ ប្រាកដជាអាចអនុវត្តការងារដ៏មានសារៈសំខាន់នេះបានជាក់ជាមិនខាន។
ខ្ញុំសង្ឃឹមថា វគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពនាថ្ងៃនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់លោក លោកស្រី ដែលជាអ្នកទទួលខុសត្រូវដោយ ផ្ទាល់ក្នុងការបំរើសេវាសាធារណៈ សេវារដ្ឋបាល ឲ្យកាន់តែល្អប្រសើរមានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមឲ្យបានសកម្មក្នុងការចែករំលែកទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍នានា ដែលអស់លោក លោកស្រីមានជាមួយគ្រូឧទ្ទេស ដែលបានបង្ហាត់បង្ហាញក្នុងរយៈពេល០១រសៀលនៃវគ្គបណ្តុះបណ្តាលនេះ ជាពិសេសត្រូវចេះសាកសួរដេញដោល ចេះកត់ត្រាទុក និងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ សហការជាមួយក្រុមបច្ចេកទេសនៃក្រុមការងារកសាងផែនការខេត្ត សំដៅធ្វើយ៉ាងណា រៀបចំឯកសារផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្នុងអាណត្តិក្រុមប្រឹក្សាក្រុង ស្រុក (២០២៥-២០២៩)នេះឱ្យបានសម្រេចតាមពេលវេលាដូចបានគ្រោងទុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ដោយមានការដាក់បញ្ចូលនូវគម្រោងសកម្មភាព ដែលជាគម្រោងសេវាកម្ម ឬគម្រោងសេវាសង្គម ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវ័ន្តនេះឱ្យ បានកាន់តែច្រើនបន្ថែមទៀត៕
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ September 19, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍