/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្ត

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្ត។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមប្រធានកិត្តិយសក្រុមការងារ ខ្ញុំពិតជាមានសេចក្តីរីករាយឥតឧបមា ដែលបានចូលរួម ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះវិស័យអប់រំថ្នាក់ខេត្ត។ នេះជាកិច្ចប្រជុំលើកទី១ ដែលយើងទាំងអស់គ្នាបានជួបជុំ និងមានឱ្យកាសក្នុងការពិភាក្សាគ្នា ដើម្បីវិស័យអប់រំ យើងទាំងដឹងហើយថាវិស័យអប់រំ គឺជាវិស័យអាទិភាពក្នុងចំណោមវិស័យដទៃទៀតរបស់ រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់។ សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា។ ជាមួយនឹងអាទិភាពគន្លឹះទាំង៥ខាងលើ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤បន្ថែម ទៀត ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា វិធានការគន្លឹះនោះរួមមាន៖
ទី១-ការពង្រឹងអភិបាលកិច្ច សាលារៀន។
ទី២-ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាដើម្បីពង្រឹង ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស។
ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស។
ទី៤-ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលដាក់ចេញកន្លងមក ដោយបានបញ្ចូលវិធានការគន្លឹះទាំង ៤ ទៅក្នុង «ស្តង់ដាសាលា រៀនគំរូ សម្រាប់អនុវត្តចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលផ្តោតលើលទ្ធផលសិក្សា របស់សិស្ស ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការ រដ្ឋបាល សាលារៀន និងគណនេយ្យភាពរបស់សាលារៀន»។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាន នាយករដ្ឋមន្ត្រីជាប្រធាន អមដោយសមាសភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ចំនួន ១៦រូប និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត ស្តង់ដា សាលារៀនគំរូ និងពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី ព្រមទាំងយុទ្ធនាការសាលា រៀនស្អាតគ្មានសំរាម នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូនឹងចាប់ផ្តើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ។ អ្វីទៅជាសាលា រៀនគំរូ សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញរួមមាន៖
ទី១-សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងធ្វើការកែលម្អសាលា រៀនស្របតាម ស្តង់ដាសាលារៀនគំរូ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាលតាមរយៈការបង្កើត និងដំណើរការគណៈ កម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។
ទី២-សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន និងថ្នាក់រៀន ព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដល់គណៈគ្រប់គ្រងសាលារៀន និង គ្រូបង្រៀន។
ទី៣-សាលារៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អការបង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មាន ដល់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម។
ទី៤-សាលារៀនមានស្វ័យភាព ក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធី ក្រៅម៉ោងសិក្សា ដោយផ្តោតលើកម្មវិធីអភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់រំសីលធម៌។
ទី៥-សាលារៀនយកចិត្តទុកដាក់ លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និងគិតគូរដល់អាហារូបត្ថម្ភដល់សិស្សានុសិស្ស។ និង
ទី៦-ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងការ អភិវឌ្ឍសាលារៀន។

អស់លោក លោកស្រី ជាទីរាប់អាន ! ដើម្បីឆ្លើយតបទៅនឹងវិធានការគន្លឹះ ដែល ដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ទើបថ្ងៃនេះក្រុម ការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្ត បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលទៅលើ វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទាំង៤របស់រាជរដ្ឋាភិបាល និងការរៀបចំការអនុវត្ត ស្តង់ដារសាលារៀនគំរូ សម្រាប់សាលារៀនក្នុងខេត្តយើងថា តើមកដល់ពេលនេះមានវឌ្ឍនភាព ដល់ណាហើយ តើមានបញ្ហាប្រឈមអ្វីខ្លះ ដែលត្រូវយកមកពិនិត្យ និងដោះ ស្រាយ ហើយលើកផែនការអ្វីខ្លះ សម្រាប់គាំទ្របន្តទៀត ដល់សាលារៀន ពិសេសសាលា រៀនដែលអនុវត្តស្តង់ដាសាលារៀនគំរូ។
ជាចុងក្រោយ តាងនាមខ្ញុំជួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈ អភិបាលខេត្ត មានជំនឿ ជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស ចម្រុះវិស័យអប់រំថ្នាក់ខេត្តនាពេល នេះនឹងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការជួយគាំទ្រ ទៅលើវិស័យអប់រំឱ្យកាន់តែប្រសើរថែមទៀត។
ខ្ញុំសូមជូនពរ លោក លោកស្រីទាំងអស់ ឱ្យមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកកិច្ច ប្រជុំចាប់ពីពេលនេះតទៅ៕
ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ September 13, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    13/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានជួយឧបត្ថម្ភ​ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក​ ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ​ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួន​ម្នាក់៥០,០០០៛​ សរុបថវិកាចំនួន​ ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត​ សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា និងលោក​ រាជ​ និមល​ ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ បានទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅ​សាលាបឋមសិក្សាមណ្ឌលសីមារាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ លោក​មេឃុំ​ប៉ាក់​ខ្លង​ លោកស្រី​ អ៊ុក ចំរើន​ ប្រធាន​ស្ដីទី​មណ្ឌល​សុខភាព​ប៉ាក់ខ្លង ចូលរួម​ទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅសាលាបឋមសិក្សាប៉ាក់ខ្លង ដែល​ប្រតិភូ​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដក​ស្រង់​បទពិសោធន៍​នេះ​ ដោយ​ឯកឧត្តម​ គិត​ច័ន្ទ សីហា​ គ្រូ​បង្គោល​ប្រចាំ​តំបន់​៣ (គ.វ.អ)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោកស្រី​ អ៊ូ​ សុភ័ក្រ្ត​ ប្រធានអង្គភាពលទ្ធកម្ម​ស្រុកមណ្ឌលសីមា លោកស្រី​ ធន​ ស៉ីវលីន​ អនុប្រធានការិ.រដ្ឋបាល​ និងហិរញ្ញវត្ថុ​ ស្មៀនឃុំ​ និងជំនួយការហិរញ្ញវត្ថុឃុំទាំងបី​ បានចូលរួមកិច្ចប្រជុំប្រមូលធាតុចូលលេីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី-ខេត្ត​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ