លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកអតីតយុទ្ធជនកម្ពុជា
លោកស្រីអភិបាលរងខេត្ត ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាអនេក ដែលបាន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន កិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ចាត់តាំងនាងខ្ញុំឱ្យចូល រួមជាអធិបតី ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជន នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុងនាពេលនេះ។
ក្នុងនាមលោកជំទាវអភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីត្រីយ៍ ជួន សុភ័ក្ត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង និងសហការី ដែលបានខិតខំរៀបចំពិធីសំណេះសំណាលនេះឡើងប្រកបទៅដោយភាពអធិកអធមគួរជាទីមោទនៈ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនលោកអ៊ំ លោកពូ អ្នកមីង បងៗ ជាអតីតយុទ្ធជនទាំងអស់ និងអង្គពិធីទាំងមូលជ្រាបថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅច្បាស់លាស់ប្រកបដោយនិរន្តរភាព រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សេរីភាព ប្រជាធិបតេយ្យ និងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត នឹងប្រកបដោយក្តីសង្ឃឹម ក្រោមដំបូលសន្តិភាព និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រោមម្លប់សន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ជីវភាពរបស់ ប្រជាពលរដ្ឋត្រូវបានលើកស្ទួយជាបណ្តើរៗ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយ ពិសេសរក្សាបាននូវបូរណភាពទឹកដី លើកស្ទួយបាននូវកិត្តិនាមប្រទេសជាតិ ក្នុងកិច្ចការតំបន់ និងពិភពលោក។ និយាយដោយឡែកសមាគម អតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់គិតគួរអនុវត្តយ៉ាងសកម្ម ដល់ជីវភាពរបស់ប្រជាជន ក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាជនដែលមានជីវភាពខ្វះខាត បានកាត់បន្ថយនូវទុក្ខលំបាក ជូនប្រជាពលរដ្ឋ បានយ៉ាងច្រើន ជាអតិបរមា ជាពិសេសចំពោះលោកអ៊ំ លោកពូ អ្នកមីង បងៗ ជាអតីតយុទ្ធជន ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហា នៃយើង។
គណៈអធិបតី និងអង្គពិធីទាំងមូល ជាទីមេត្រី ! នាងខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មករាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ដាក់ចេញនូវគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់លោកអ៊ំ លោកពូ អ្នកមីង បងៗ ជាអតីតយុទ្ធជន ឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធនានា បានផ្តល់អាទិភាព ដល់លោកអ៊ំ លោកពូ អ្នកមីង និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនេះដែរ ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមថ្លែងអំណរគុណ ប្រកបដោយសេចក្តីស្រលាញ់ ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាង សស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនាមថ្នាក់ដឹកនាំសមាគម នាងខ្ញុំសូមសន្យាថា នឹងបន្តប្រពៃណីក្នុងការដឹកនាំល្អ និងអនុវត្តការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងផលប្រយោជន៍នានា របស់លោកអ៊ំ លោកពូ អ្នកមីង អតីតយុទ្ធជនរបស់យើង និងបន្តគាំទ្រជម្រុញ និងកៀរគរ ស្វែងរកមូលនិធិពីសប្បុរសជននានា ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា នូវបញ្ហាលំបាកនានា ជាពិសេសការផ្តល់នូវប្រាក់បេឡាមរណៈសង្គ្រោះឱ្យបានតាមគោលការណ៍កំណត់។
ដោយមានការគាំទ្រ និងជួយឧបត្ថម្ភ ពីសំណាក់លោកជំទាវអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម ព្រមទាំងមានការចូលរួមពី លោក លោកស្រី ទាំងអស់នៅទីនេះ និងសប្បុរសជន ស្នើលោក លោកស្រី ដែលប្រធានកិត្តិយសសមាគមស្រុកទាំង៥ផ្សេងទៀត រៀបចំពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន តាមពេលវេលាសមស្របណាមួយ នៅមូលដ្ឋានផ្ទាល់តែម្តង។
ជាទីបញ្ចប់ តាំងនាមឱ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង និងក្នុងនាម នាងខ្ញុំផ្ទាល់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអធិបតី លោកអ៊ំ លោកពូ អ្នកមីង បងៗ ដែលមានវត្តមាន ក្នុងអង្គពិធីទាំងមូល សូមមានសុខភាពល្អ កម្លាំងពលំមាំមួន និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ September 12, 2024