លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
លោកអភិបាលរងខេត្ត សូមអោយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ មន្ត្រីសាលាខេត្ត សហការ ក្នុងការរៀបចំ និងចាត់អញ្ជើញសមាសភាពដែលបានកំណត់ និងចាត់តាំងមន្ត្រីចូលរួមសហការរៀបចំកន្លែងប្រារព្ធពិធី។ ចំពោះកងកម្លាំងត្រូវរៀបចំផែនការការពារទាំងមុន ពេលពិធី និងក្រោយពិធីអោយបានល្អិតល្អន់។ ពិធីបើកការដ្ឋាននេះពិតជាមានសារៈសំខាន់ និងជាកិត្តិយសបំផុតសម្រាប់ខេត្តកោះកុងរបស់យើង ជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋខេត្តកោះកុងទាំងមូល។ ដូច្នេះសូមលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ទាំងអស់ចូលរួមទាំងអស់គ្នា តាំងពីពេលនេះ រហូតដល់គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ជាស្ថាពរ៕