រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងពិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ ផលិតផល១)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងពិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ ផលិតផល១)

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា នាងខ្ញុំសូមយកឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកោះកុង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នាថ្ងៃនេះ។
ទូលព្រះបង្គំ ខ្ញុំម្ចាស់សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការ ពរបវរ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ និងចៀសផុតពីព្រះរោគាព្យាធិទាំងឡាយ ព្រមទាំង បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅ ។
ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួម “វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង និងការទទួលបានទីផ្សារសម្រាប់ អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ ផលិតផល១)” របស់ គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តកោះកុង ដ៏មានសារៈសំខាន់នាឱកាសនេះ។ ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម បណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញនាពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងដៃគូ សហការឧបត្ថម្ភ ដែលបានគាំទ្រសម្រាប់រៀបចំវេទិកានេះ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្ត កោះកុង សូមសម្តែងនូវការអបអរសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ដែលបានពិនិត្យ វាយតម្លៃ និងទទួលស្គាល់ផលិតផល ខ្មែរដែលមានសក្តានុពលក្នុងខេត្តកោះកុងចំនួន៤៤មុខ ក្នុងនោះ ទំនិញចំនួន៣៣មុខ និងសេវាកម្មចំនួន១១មុខ បានជាប់ជាផលិតផលភូមិ១ ផលិតផល១ ខេត្តកោះកុង ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២៣ គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តកោះកុង បាន ប្រមូលចងក្រងផលិតផលខ្មែរដែលមានសក្តានុពលក្នុងខេត្តចំនួន៤១មុខបន្ថែមទៀត ក្នុងនោះ ទំនិញចំនួន២២មុខ និងសេវាកម្មចំនួន១៩មុខ ដើម្បីស្នើសុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទទួលស្គាល់ជាផលិតផលភូមិ១ ផលិតផល១ ខេត្តកោះកុង។ ហើយបច្ចុប្បន្ន កំពុង រងចាំលទ្ធផល នូវការទទួលស្គាល់ពីថ្នាក់ជាតិ ក្នុងការជាប់ជាផលិតផលភូមិ១ ផលិតផល១ ខេត្តកោះកុង ដូចឆ្នាំ២០២២ ផងដែរ។
ការដែលត្រូវបានកំណត់ទទួលស្គាល់ជាផលិតផលភូមិ១ ផលិតផល១ គឺផ្អែកលើលក្ខណៈ វិនិច្ឆ័យសំខាន់ចំនួនបួនគឺ៖ ទី១.បានឆ្លើយតបនឹងនិយមន័យផលិតផលភូមិ១ ផលិតផល១ ទី២. មានការកែច្នៃដោយបង្កប់គំនិតច្នៃប្រឌិត ទី៣.មានសក្តាដានុពលពាណិជ្ជកម្ម និងទី៤. គឺមានសារៈ សំខាន់សេដ្ឋកិច្ច សម្រាប់សមូហភាព។
ផ្តើមចេញពីសមិទ្ធផលនឹងផ្អែកតាមលក្ខណៈវិនិច្ឆ័យដូចខាងលើ ក្នុងនាមរដ្ឋបាលខេត្ត និង ក្នុងនាមគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ខេត្តកោះកុង នឹងបន្តណែនាំដល់ម្ចាស់ ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ ព្រមទាំងផលិតផលទាំង៤៤មុខ ដែលបានចូល ផលិតផលភូមិ១ ផលិតផល១ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន។ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹង៖
-គោលនយោបាយជាតិជំរុញចលនាភូមិ១ ផលិតផល១ ឆ្នាំ២០១៦-២០២៦
-តាមសំណូមពររបស់សមាជិកភូមិ១ ផលិតផល១ និងអ្នកផលិត ផលិតផលខ្មែរសុំឱ្យជួយ រកទីផ្សារ លក់ផលិតផល ទាំងក្នុងស្រុក និងក្រៅប្រទេស
-ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ដើម្បីនាំចេញ នៅនឹងកន្លែង ហើយនិងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស
-ដើម្បីផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកទិញជាបណ្តាញប្រទាក់ក្រឡាគ្នា
-ដើម្បីអ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភណភាព គុណភាព បរិមាណ ស្តង់ដារ អនាម័យ តម្លៃ ផលិតតាមតម្រូវការរបស់អ្នកទិញ
-ដើម្បីឱ្យអ្នកទិញយល់ដឹងអំពីប្រភព និងសមត្ថភាពរបស់អ្នកផលិតក្នុងការវេចខ្ចប់ គុណភាព សោភណភាព បរិមាណ ស្តង់ដារ អនាម័យ ជាពិសេសតម្លៃ។
ក្នុងន័យនេះដែរ ការរៀបចំវេទិកានាឱកាសនេះឡើង គឺមានគោលបំណងដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រង ផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនា ភូមិ១ ផលិតផល១។ ម្យ៉ាងវិញទៀត ការរៀបចំវេទិកានាឱកាសនេះ ក៏មានបំណងជំរុញ ឱ្យអ្នក ពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់ បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិត១ និងធ្វើយ៉ាង ណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះ ឱ្យបានទូលំទូលាយ។
ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តកោះកុង និងក្រុមលេខាធិការដ្ឋានដែលជាជំនួយការ សូមគាំទ្រចូលរួមផ្សព្វផ្សាយ និងជំរុញការអនុវត្តចលនា ភូមិ១ ផលិតផល១ ឱ្យបានខ្លាំងក្លា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ ព្រោះថាវេទិកានេះគឺពិតជា បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក នៃផលិតផល និង សេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
ដើម្បីសម្រេចបានផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនា ភូមិ១ ផលិតផល១ ខេត្តកោះកុង នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលរួមជាសមាជិកចលនា ភូមិ១ ផលិតផល១នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងរួមចំណែកកាត់ បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ ប្រជាជនតាមសហគមន៍៕
ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ June 18, 2024

អត្ថបទទាក់ទង