លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងខេមរភូមិន្ទ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមសុ្សធម៌ ដល់កុមារកំព្រា កុមាររស់នៅជាមួយមេរោគអេដស៍ កុមារងាយរងគ្រោះ សរុបចំនួន៦០នាក់ នៅទីស្នាក់ការសាខា ស្ថិតភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់សំខាន់បំផុតនោះ គឺកុមារកំព្រា និងប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាព តាមរយ:ការជួយទំនុកបំរុងផ្នែកជីវភាព ធ្វើយ៉ាងណាឲ្យការរស់នៅ របស់ពួកគាត់ ទទួលបាន នូវភាពល្អប្រសើរ»។
ជាក់ស្ដែងនៅក្នុងស្ថានភាព ដែល ពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។
ជាមួយគ្នានោះផងដែរលោកជំទាវប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះដែលមានខ្លឹមសារដូចខាងក្រោម ៖
– “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖ ១- ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២- ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ ៣- ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ ៤- ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ ៥- លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត ៦- ជូតដៃនឹងកន្សែង ឬក្រមាស្អាត។
– “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖ ១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ មីម៉ាម៉ា៣០០កញ្ចប់ ត្រីខ១២០ កំប៉ុង ទឹកផ្លែឈើ៦០កំប៉ុង ទឹកសុទ្ធដបធំ៦០ដប សាប៊ូដុំ៦០ដុំ ថ្នាំបាញ់មូស៦០កំប៉ុង ម៉ាស់៣០០ម៉ាស់ ព្រមទាំងថវិកាមួយចំនួន។
លោកស្រី សុខ សុទ្ធាវី ប្រធានមន្ទីរកិច្ចការនារី ឧបត្ថម្ភនំ៦០កញ្ចប់ ជែលលាងដៃ៦០ដប ដោយឡែកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ ឧបត្ថម្ភថវិកាបន្ថែម ៦០ម៉ឺនរៀលផងដែរ។