ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកោះកុង ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានផ្នែកនៃមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំនិងនវាអនុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូសន្និសីទ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥៤១នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសប្តាហ៍នេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកយកប្រធានបទ ការផ្តល់សេវាសាធារណៈ ដោយផ្តោតលើតម្រូវការប្រជាពលរដ្ឋ (Designing Citizen Centered Service Delivery) ដែលផ្តោតសំខាន់អោយអ្នកផ្តល់សេវាសាធារណៈទាំងអស់ ជាពិសេសអ្នកផ្តល់សេវានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព យកចិត្តទុកដាក់រៀបចំសេវាសុខាភិបាល ឱ្យឆ្លើយតបតាមតម្រូវការរបស់ប្រជាជន និងរិះរកគ្រប់វិធីសាស្រ្តដើម្បីធ្វើអោយ អ្នកដែលមកប្រើប្រាស់សេវាទទួលបានបទពិសោធន៍ល្អ ពីសេវាសុខាភិបាលសាធារណៈ ដែលកត្តានេះនឹងជម្រុញអោយប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើសេវាសុខាភិបាលយើងបន្ថែមទៀត។ លើសពីនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវគុណតម្លៃរួមមួយសម្រាប់ស្ថាប័នសុខាភិបាលទាំងមូលត្រូវប្រកាន់យកគឺ “ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ”។ គុណតម្លៃនេះត្រូវបានមន្រ្តីក្រោមឱវាទទាំងអស់ទទួលយកនឹងត្រៀមយកទៅអនុវត្តអោយទទួលបានជោគជ័យ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។
ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល