ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ក្រោមកិច្ចសហប្រតិបត្តិការណ៍ដ៏ល្អរវាងរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលខេត្តត្រាត ជាពិសេសលើវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលអំណោយពីព្រះរាជាណាចក្រថៃ ជាបន្តបន្ទាប់ រួមមាន ការសាងសង់អគារសង្គ្រោះបន្ទាន់ថ្មី ការជួសជុល កែលម្អរអគារស្តេរីលរួម និងសម្ភារៈ បរិក្ខារពេទ្យផងដែរ។
ដើម្បីសម្រួលដល់ដំណើរការនៃការសង្គ្រោះអ្នកជំងឺ និងតាមសំណើររបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរសុខាភិបាលខេត្តត្រាត បានបន្តឧត្ថម្ភការតម្លើងប្រព័ន្ធអុកស៊ីសែនជាស៊េរី នៅអគារសង្គ្រោះបន្ទាន់ថ្មី និងបានអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសតម្លើងប្រព័ន្ធអុកស៊ីសែន នៃមន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ មកតម្លើងប្រព័ន្ធអុកស៊ីសែន នៅអគារនេះពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៤នេះ រួចរាល់ជាស្ថាពរ។