លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី គម្រោងប្លង់អភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែប ប្រវែង២៧០០ម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ (គ.អ.ឆ.ក )។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី គ.អ.ឆ.ក ថ្នាក់ជាតិ រដ្ឋបាលខេត្តតំបន់សមុទ្រទាំង៤ (កំពត កែប ព្រះសីហនុ និងកោះកុង) ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការ គ.អ.ឆ.ក បានសម្រេច និងដាក់ចេញទិសដៅ៖
១.ត្រូវសិក្សា និងកំណត់បច្ចេកទេសឱ្យបានច្បាស់លាស់លើការអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែបប្រវែង២៧០០ម៉ែត្រ
២.ខេត្តតំបន់សមុទ្រទាំង៤ ត្រូវចូលរួមថែរក្សាការពារឆ្នេរសមុទ្រដែលមានស្រាប់ មិនឱ្យ មានការរំលោភ ការទប់ស្កាត់សឹករិចរិល និងការហូរច្រោះ បាក់ដីឆ្នេរសមុទ្រ
៣.ការបង្ហាញទស្សនទាននៃការរៀបចំផ្លូវធ្វើដំណើរ និងផ្លូវជិះកង់តាមបណ្តោយឆ្នេរសមុទ្រតភ្ជាប់ខេត្តតំបន់សមុទ្រទាំង៤ ប្រវែង ៤៦៣គីឡូម៉ែត្រ ជាចក្ខុវិស័យរួម និងរៀបចំដាច់ដោយដុំ (ធ្វើតាមដំណាក់កាល) ឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច និងរៀបចំជាប្លង់ប្រើប្រាស់ដីឆ្នេរសមុទ្រ ដែលជាគោលដៅទៅថ្ងៃអនាគត។
ថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ January 8, 2024