រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អនុ សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី“ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន”ជូនដល់សមាជិកនៃគណៈកម្មាធិការរៀបចំនឹងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន

លោក អនុ សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី“ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន"ជូនដល់សមាជិកនៃគណៈកម្មាធិការរៀបចំនឹងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន។

លោកអភិបាលរងខេត្ត បានលើកឡើងថា តាមរយៈសិក្ខាសាលាឆ្លុះបញ្ចាំងនាថ្ងៃនេះ រដ្ឋបាលខេត្តសង្កេតឃើញថា សមាសភាពសិក្ខាកាមសុទ្ធសឹង ជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានដែលជាតួអង្គដ៏សំខាន់ក្នុងដំណើរការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ក្នុងនោះរដ្ឋបាលខេត្តក៏ទទួលបាននូវធាតុចូលជាច្រើនតាមរយៈកិច្ចពិភាក្សារកបញ្ហាប្រឈម នានា និងទិសដៅ ផែនការបន្ត ជាមួយគ្នានេះរដ្ឋបាលខេត្តក៏ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន និងស្ថាប័នពាក់ព័ន្ធដែលតែងតែអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបានផ្សព្វផ្សាយជាប្រចាំដល់សាធារណជន វិស័យឯកជន សិស្សានុសិស្ស និងតាមទីតាំងសំខាន់ៗ ដូចជាតំបន់ទេសចរណ៍ នឹងកន្លែងផ្តល់សេវា សាធារណៈជាដើម។ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យដឹកនាំ របស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង ក្នុងការ ប្រែក្លាយខេត្តកោះកុង ឱ្យទៅជាគោលដៅតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយក្នុងប្រទេសកម្ពុជា ដោយគ្មានសំរាម និងគ្មានការបំពុល ក្នុងនោះក្រុងខេមរភូមិន្ទ ក៏ត្រូវបានជ្រើសរើសជាទីក្រុង១ ក្នុងចំណោមទីក្រុង ចំនួន៧ នៃប្រទេសកម្ពុជា ដែលដាក់ឱ្យអនុវត្តគម្រោងគំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈមូលនិធិ អាកាសធាតុទីក្រុង ដែលនឹងអភិវឌ្ឍន៍ក្រុងខេមរភូមិន្ទ ឱ្យក្លាយជាទីក្រុងឆ្លាតវៃដែលបន្សំនឹងបំរែបំរួលអាកាសធាតុ (Climate Smart) និងមានប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង-រាវ ប្រកបដោយប្រសិទ្ធភាព។
ដើម្បីសម្រេចគោលដៅខាងលើ រដ្ឋបាលខេត្តសូមស្នើដាក់ចេញទិសដៅជូនមន្ទីរបរិស្ថាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដូចខាងក្រោម៖
១.មន្ទីរបរិស្ថាន

-លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យបរិស្ថានតាមរយៈការអប់រំ និងធ្វើការផ្សព្វផ្សាយអំពី ការទុកដាក់ ការសម្អាត ការញែក ការកាត់បន្ថយ ការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងអំពី ការចូលរួម ប្រើប្រាស់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
-ចូលរួមរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់យោបល់បច្ចេកទេសលើសំណើ ឬគមគ្រោងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារបរិស្ថានពាក់ព័ន្ធនឹងដំណើរការសេវាគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងសកម្មភាពកែច្នៃសំរាម សំណល់រឹងប្រជុំជន
-ជំរុញការអនុវត្តវិធានការច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងចូលរួមការអនុវត្តវិធានការពិន័យអន្តរការណ៍ លើបទល្មើសពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជន និងរៀបចំរបាយការណ៍ប្រចាំឆមាស ប្រចាំឆ្នាំអំពីស្ថានភាព និងដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

២.មន្ទីរ ស្ថាប័នសាធារណៈនានា
-លើកកម្ពស់ការយល់ដឹងដល់មន្រ្តីអំពីអនាម័យបរិស្ថានតាមរយៈការអប់រំ និងធ្វើការផ្សព្វផ្សាយអំពីការទុកដាក់ ការសម្អាត ការញែក ការកាត់បន្ថយ ការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាម សំណល់ រឹងនៅតាម ស្ថាប័នរៀងៗខ្លួន
-ចូលរួមរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាមួយគណៈកម្មាធិការខេត្ត ចូលរួមអនុវត្តអនាម័យបរិស្ថាន និងការរៀបចំឱ្យមានសួនច្បារ ដាំដើមឈើ ប្រព័ន្ធលូ និងសំអាតបរិវេន មន្ទីរ អង្គភាព ឬផ្លូវសាធារណៈនានា ដែលនៅជាប់នឹងស្ថាប័នរបស់ខ្លួន ពិសេសជំរុញ លើកទឹកចិត្តដល់ អង្គភាពផ្តល់ សេវាសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ សាលាឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល។

៣. រដ្ឋបាលក្រុង ស្រុក
-រៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-រៀបចំ និងអនុវត្តនូវវិធានការសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមរយៈការដាក់ចេញជាដីកា ឬលិខិតបទដ្ឋាននានា បង្កើត គ្រប់គ្រង និងចាត់ចែងសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-ធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពីការសម្អាតអនាម័យបរិស្ថាន និងការប្រើប្រាស់សេវាសម្អាត ប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនដែលបានរៀបចំនៅក្នុងមូលដ្ឋាន និង
-អប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយសុវត្ថិភាពបរិស្ថានអំពីកម្មវិធី កាត់បន្ថយ ការបង្កើត ការប្រើប្រាស់ឡើងវិញ នងការកែច្នៃ និងអំពីការលើកកម្ពស់ការប្រើប្រាស់ផលិតផល ដែលបានមកពីការកែច្នៃសំរាម សំណល់រឹងទីប្រជុំជន។
៤. រដ្ឋបាលឃុំ សង្កាត់
-ចាត់ចែង អនុវត្តការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមការធ្វើប្រតិភូកម្ម
-ចូលរួមអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការប្រប្រាស់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជននៅក្នុងដែនសមត្ថកិច្ច
-ចូលរួមផ្តល់យោបល់លើការរៀបចំកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-ចូលរួមតាមដានការអនុវត្តសេវាសម្អាត ប្រមូល និងដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-ចូលរួមដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការងារសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង
-ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជន។
ក្រុមការងារនៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង នឹងចុះធ្វើការចុះស្រង់ទិន្នន័យផ្ទៃដី និងត្រួតពិនិត្យ វាយតម្លៃលើការរៀបចំទីលានដីដែលបានប្រើប្រាស់ស្រាប់ ឬដីបំរុងសម្រាប់ ធ្វើទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន តាមបណ្តាឃុំ សង្កាត់ ក្នុងខេត្តកោះកុង ដើម្បី ស្នើសូមការគាំទ្រពីរដ្ឋបាល ខេត្ត និងក្រសួងបរិស្ថាន រៀបចំឱ្យទៅជាទីលានស្ដង់ដារ។ រដ្ឋបាលខេត្តក៏សូមស្នើរដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ពិសេសគឺក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ត្រូវគិតគូរ ត្រៀមដីសម្រាប់ការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរទឹកនានា ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយត្រូវសិក្សារៀបចំជាផែនការមេអភិវឌ្ឍន៍ ទីក្រុងឱ្យបានច្បាស់លាស់ និងត្រូវចុះត្រួតពិនិត្យជាប្រចាំ លើសំណង់អាជីវកម្ម និងរោងចក្រ សហគ្រាសនានា ដែល សាងសង់នៅក្បែរព្រែក និងឆ្នេរសមុទ្រ៕
ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ August 29, 2023

អត្ថបទទាក់ទង