ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ ចុះរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការប្រមូលចងក្រងបញ្ជីបុគ្គល ឬ គ្រួសារមានសមាជិកបម្រើការងារសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ដើម្បីសម្ភាសន៍ផ្តល់បណ្ណសមធម៌ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលមានសមាសភាពអញ្ជើញចូលរួម៖
-ក្រុមការងារបច្ចេកទេសមន្ទីរផែនការខេត្ត
-លោកចៅសង្កាត់
-សមាជិកក្រុមប្រឹក្សាសង្កាត់
-អ្នកទទួលបន្ទុកប្រើប្រាស់តាប្លេត
-លោកមេភូមិទាំង៤
-ប្រធានក្រុមបណ្តាញជនរងគ្រោះ សរុប ១៥ នាក់ ស្រី ០២នាក់
ក. និយមន័យ៖
-គ្រួសារសម្រាប់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សំដៅដល់ “មនុស្សមួយក្រុមដែលហូបបាយឆ្នាំងតែមួយ និងចំណាយលើម្ហូបអាហារ ឬជីវភាពរស់នៅរួមជាមួយគ្នា។ គ្រួសារអាចរាប់បញ្ចូលទាំងបុគ្គល (នៅលីវ ពោះម៉ាយ/មេម៉ាយ) ឬក្រុមមនុស្សដែលរស់នៅជាមួយគ្នា ឬរស់នៅផ្សេងគ្នា ចាប់ពី២នាក់ឡើងទៅ (អាចជាសាច់ញាតិ ឬមិនមែនជាសាច់ញាតិ) អាចរាប់ជាសមាជិកគ្រួសារបានលុះត្រាតែរស់នៅជាប្រចាំក្នុងគ្រួសារ ឬទើបអវត្តមានពីគ្រួសារតិចជាង៦ខែ។ ក្នុងករណីប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋចំណាកស្រុក ឬផ្លាស់មករស់នៅក្នុងភូមិជាអចិន្ត្រៃយ៍ដែលមេភូមិមិនទាន់បានចុះឈ្មោះ។
-បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធសំដៅដល់ "បុគ្គលដែលបម្រើការងារក្នុងវិស័យកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការងារ នៅតាមរង្គសាល ឌីស្លូតែក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ដែលធ្វើការទទួលបានប្រាក់កម្រៃ តែមិនមែនជាប្រាក់បៀវត្ស។
ខ.ក្រុមការងារបានកំណត់កាលបរិច្ឆេទ ស្រង់បញ្ជីបុគ្គល ឬគ្រួសារមានសមាជិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាពដែលមិនទាន់មានបណ្ណ សមធម៌ មេភូមិ និងក្រុមការងារអត្តសញ្ញណគ្រួសារក្រីក្រឃុំ/សង្កាត់ ត្រូវសហការជាមួយក្រុមបណ្តាញ (អង្គការសង្គមស៊ីវិលដែលធ្វើការផ្ទាល់នៅសហគមន៍) និងភាគីពាក់ព័ន្ធ រៀបចំបញ្ជីក្រុមគោលដៅ និងសម្ភាសន៍ឱ្យទាន់ពេលវេលាកំណត់ ដើម្បីអោយស្របនឹងគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល នៅពេលដែលមានអន្តរាគមន៍ ឬជាជំនួយសង្គមនានា។