សារលិខិតជូនពរ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រឹស្តសករាជ ២០២៣
-សូមក្រាបថ្វាយបង្គំ ព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ !
-សូមក្រាបថ្វាយបង្គំ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
-សូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ជាទីស្នេហា !
-លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ អាជីវករ សេវាករ នៅទូទាំងខេត្តកោះកុង ជាទីរាប់អាន !
ថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ នឹងថ្ងៃទី១៤ ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គឺជាទិវាដ៏មហោឡារិក ដែលប្រជាជាតិយើង ទាំងមូលរួមគ្នាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយក្តីមោទនៈ និងសោមនស្ស រីករាយក្រៃលែង។
ពិធីនេះ ជាកេរដំណែលដ៏ពិសិដ្ឋពីបុព្វបុរស នៃយើង ដែលជាឱកាសឱ្យប្រជាជនយើងគ្រប់រូប ជម្រុះចោលឱ្យជ្រះស្រឡះ នូវអពមង្គល ឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងឡាយក្នុង ឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា ដោយតាំងចិត្ត ធ្វើបុណ្យទាន សាងកុសល ដើម្បីសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំថ្មីនេះ តរៀងទៅ។
ឆ្នាំចាស់កន្លងទៅ ដោយមានកម្លាំងមហាសាមគ្គីដ៏រឹងមាំ យើងទាំងអស់គ្នា ជម្នះបាននូវរាល់ ឧបសគ្គតូចធំទាំងឡាយ ប្រកបដោយជោគជ័យ បំពេញបានល្អនូវភារកិច្ចកសាង និងអភិវឌ្ឍខេត្ត របស់យើង ដោយថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ធានាបានសេចក្តីសុខ សុវត្ថិភាព ជូនប្រជាជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសការចូលរួមទាំងអស់គ្នាក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ។ លទ្ធផលទាំងអស់នេះ គឺជាផ្លែផ្កា នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យជូនជាតិ មាតុភូមិកម្ពុជា ។
តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្ញុំព្រះករុណានាងខ្ញុំ សូមសំដែងនូវការ កោតសរសើរដោយស្មោះ ប្រគេន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន យុវនារី អាជីវករ សេវាករ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលបានខិតខំរួមគ្នា បំពេញភារកិច្ចតាមមុខងារ តួនាទីរបស់ខ្លួន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍខេត្តកោះកុងរបស់យើង ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងខេត្ត។ ខ្ញុំព្រះករុណានាងខ្ញុំ មានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ប្រជាជនយើង ពិតជាទទួលបាននូវវិបុលភាព សុខដុមរមនា និងសុភមង្គល ជាពិសេសនឹងនាំមកនូវការអភិវឌ្ឍថ្មីៗ ថែមទៀតជូនប្រទេសជាតិយើង ។
ក្នុងទិវាដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណានាងខ្ញុំ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេសព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ” សូមទ្រង់ព្រះមេត្តាប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ និងសូមគោរព ជូនពរ សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ ទទួល បានការអភិវឌ្ឍជាបន្តបន្ទាប់រៀងរហូត ។
ខ្ញុំព្រះករុណានាងខ្ញុំ សូមគោរពជូនពរ និងប្រសិទ្ធិពរបវរមហាប្រសើរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន យុវនារី អាជីវករ កម្មករ កម្មការនី ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ ការពារ និង ៣ របស់ប្រមុខរាជរដ្ឋាភិបាល និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ។
សូមទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធិពរជ័យសិរី សួស្តីដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា សណ្ដោសប្រណី សាមគ្គីភាព រួមសុខ រួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីខេត្តកោះកុងរបស់យើង ប្រកបដោយក្តី សុខក្សេមក្សាន្ត និងដោយកិត្តិយសសេចក្ដីថ្លៃថ្នូរតរៀងទៅ ។
សូមអរព្រះគុណ និងសូមអរគុណ !