លោក ង៉ែត ឡឹង បានចូលរួមសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងមន្ទីរអប់រំយុវជន និងកីឡា និងលើកទឹកចិត្តមន្រ្តីរាជការជានារី ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ។ក្នុងពិធីសំណេះមានអ្នកចូលរួមសរុបចំនួន ៤២ នាក់ ក្នុងនោះមន្រ្តីរាជការជានារី មានចំនួន ២៧ នាក់។
ប្រវតិ្តទិវាអន្តរជាតិ ៨មីនា
ចុងសតវត្សទី១៩ បច្ចេកទេសបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅ សហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញអោយចូលធ្វើការនៅក្នុងរោងចក្រ សហគ្រាសទាំងឡាយ។ ពួកម្ចាស់រោងចក្រ សហគ្រាសមួយចំនួន ដែលមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករបានបង្ខំឲ្យពួកគេធ្វើការជាទម្ងន់ ក្នុង១ថ្ងៃពី១២ម៉ោង ទៅ១៦ម៉ោង ហើយផ្តល់ប្រាក់បៀវត្ស យ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឲ្យនារី និងកុមារទាំងនោះ ត្រូវរស់ នៅក្នុងជីវភាពដុនដាបលំបាក វេទនា។
ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើគាបសង្កត់ កេងប្រវ័ញ្ច ហួសប្រមាណនោះ នៅថ្ងៃទី៨មីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញូវយ៉ក “សហរដ្ឋអាមេរិក” បានសាមគ្គីឯកភាពគ្នា ក្រោកឈរឡើងតស៊ូយ៉ាងប្តូរផ្តាច់ ទាមទារឲ្យបន្ថយម៉ោងធ្វើការ និងតំលើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនី ទាំងនោះត្រូវបានទទួលការគាបសង្កត់យ៉ាងពេញទំហឹងត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្តេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយក៏កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ា ប្រឆាំងជាសាធារណៈម្តងហើយម្តងទៀត បង្ខំឲ្យពួកម្ចាស់រោងចក្រ សហគ្រាស ត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះ បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះចលនានារីពលករលើសកលលោកទាំងមូល ។
ចលនាដ៏ស្វិតស្វាញនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករ នៅប្រទេសអាឡឺម៉ង់ដែលជាប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ នៅប្រទេសអាឡឺម៉ង់ក្នុងពេលនោះបានលេចឡើងនូវនារី ៣រូបដ៏ល្បីល្បាញគឺៈ អ្នកស្រី ក្លារ៉ា ស្ហេតគីន ជនជាតិអាឡឺម៉ង់ និងរ៉ូស្ហាលុស្ហបួរ ជនជាតិប៉ូឡូញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកស្រីគ្រូបស្កាយ៉ា (ភរិយាលោកឡេនីន)បំផុសចលនាបង្កើតជា គណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារី។
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារី ដែលមានប្រទេស១៧ ចូលរួមបានធ្វើឡើងនៅទីក្រុង
កូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ៨មីនាជា “ ទិវានារីអន្តរជាតិ ” ថ្ងៃមហាសាមគ្គីតស៊ូ របស់នារីពលករទូទាំងសកលលោក ដើម្បីសិទ្ធសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់ជាមួយនឹងពាក្យ ស្លោកថា “ ទីណាមានការជិះជាន់ កេងប្រវ័ញ្ច ទីនោះ មានការតស៊ូរើបំរះ ”
- មួយថ្ងៃធ្វើការ ៨ម៉ោង
- ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា
- ការពារសុខភាពមាតា និងទារក
ចាប់តាំងពីពេលនោះមក ថ្ងៃ៨មីនា បានក្លាយទៅជាថ្ងៃ បុណ្យអន្តរជាតិនារី ដែលរំលឹកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឲ្យអនុវត្ត សិទ្ធិស្មើភាពគ្នារវាងបុរស និងនារី។
គឺដោយសារតែមានកិច្ចព្រមព្រៀង ដោយអំណត់និងពុះពារនឹងការលំបាកគ្រប់បែបយ៉ាងពី ១០១ឆ្នាំនេះហើយ ទើបបច្ចុប្បន្ននេះ នារីក្នុងពិភពលោកមានឱកាសទទួលបាននូវសិទ្ធិស្មើភាពក្នុងការងារ ក៏ដូចជាថែទាំសុខភាព ទោះបីជានៅសេសសល់ ការបន្តុះបង្អាប់ខ្លះៗក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះ បានកាត់បន្ថយអស់ជាច្រើននូវ អំពើហិង្សា និងការរើសអើងចំពោះនារីភេទទន់ខ្សោយនោះ។
ជាបន្តបន្ទាប់ ចលនានារីអន្តរជាតិ បានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាម រយៈការស្នើឡើងទៅអង្គការសហប្រជាជាតិ ដោយសន្និសិទនារីជាច្រើនលើកច្រើនសារ។
នៅឆ្នាំ ១៩៧០ សន្និសិទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិចស៊ិក ក្រោម ប្រធានបទ “សមភាព វឌ្ឍនភាព និងសន្តិភាព“ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបាន អំពាវនាវឲ្យមានការរៀបរៀង និងអនុម័តជាផ្លូវការ នូវកតិកាសញ្ញាស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើស អើងប្រឆាំងនឹងនារីភេទ និងរៀបចំទំរង់ការដ៏មានប្រសិទ្ធភាពសំរាប់អនុម័តកតិកាសញ្ញានេះ។
នៅខែតុលា ឆ្នាំ ១៩៧៥ ដដែល អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជាទសវត្ស សម្រាប់នារី។
នៅឆ្នាំ ១៩៨០ សន្និសិទពិភពលោកលើកទី២ របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាព ដែលកំណត់ក្នុងសន្និសិទលើកទី១ និងគ្រោងទុកនូវខ្សែបន្ទាត់សម្រាប់ការអនុវត្តដើម្បីបំពេញចន្លោះខ្វះខាតក្នុងពាក់កណ្តាលទសវត្សរបស់នារី ប្រធានបទបន្ថែម៣ ទៀតត្រូវបានលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
ឆ្នាំ ១៩៨៥ ចុងបញ្ចប់នៃទសវត្សនារីគេបានរៀបចំ សន្និសីទលើកទី ៣ ម្តងទៀតនៅទីក្រុងណៃរ៉ូប៊ី ប្រទេសខេនញ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសំរេចទសវត្សនារី ព្រមទាំងធ្វើការអនុម័តលើ យុទ្ធវិធីរីកចំរើនទៅមុខសំរាប់ភាពលូតលាស់របស់នារីក្នុងឆ្នាំ ២០០០។
ចុងក្រោយនេះគឺឆ្នាំ ១៩៩៥ ពីថ្ងៃទី៤ ដល់ ១៥កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសិទ នារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ សមភាព វឌ្ឍនភាព និងសន្តិភាពដដែល តែនៅបានលើកបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់ ១២ យ៉ាងរបស់ នារីថែមទៀត គឺភាពក្រីក្រ ការអប់រំអំពើហិង្សា ផលវិបាកនៃជំលោះអាវុធ នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសម្រេចយន្តការលើកកំពស់ការរីកចម្រើនរបស់នារី សិទ្ធនារីលើប្រព័ន្ធផ្សព្វផ្សាយ បរិស្ថាន និងបញ្ហាកុមារ។
ទាំងនេះគឺជាយុទ្ធសាស្រ្ត និងរបៀបដោះស្រាយរបស់នារីដែលតែងតែអនុវត្តតាមបែបសន្តិវិធី តាមការបញ្ចេញមតិតែប៉ុណ្ណោះ។ ឯលទ្ធផលដែលនារីទទួលបាន គឺការផ្តល់នូវសិទ្ធស្មើភាពឲ្យបានគ្រប់ គ្រាន់ និងតម្លៃជាមនុស្ស ពោលគឺពុំមានទាមទាអ្វីឲ្យលើសពីនេះឡើយ។ បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរ ជាតិនារី ៨ មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ១៩៤៥ ឃើញថា ប្រវត្តិទិវាអន្តរជាតិនារី ៨មីនា មានកំណើតមុនអង្គការសហប្រជាជាតិទៅទៀតហើយក៏មានកំណើតមុនសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនៅកម្ពុជា ពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធមនុស្ស អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក៣ ដែលស្តីពីសិទ្ធិ នោះហើយក៏ដោយក៏ វិសមភាព បុរស និងស្រ្តី ការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធស្រ្តី ហិង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហា។
ហេតុដូច្នេះហើយបានជា រាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់រូប ទាំងបុរស ទាំងស្រ្តី ដើម្បីជួយស្រ្តីឲ្យមានភាពយុត្តធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ចោលបញ្ហាទាំងឡាយខាងលើដែលមានចំពោះស្រ្តីភេទ។