កិច្ចប្រជុំពិភាក្សាជំរុញវឌ្ឍនភាពការងារសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដឹកនាំ ដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យពិភាក្សាជំរុញវឌ្ឍនភាពការងារសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។
អង្គប្រជុំបានពិភាក្សាអំពីរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាន ការកែសម្រួលកាលវិភាគការងារ សម្រាប់ការងារសាងសង់នៅក្នុងរដូវប្រាំង ដើម្បីធ្វើឱ្យប្រសើរឡើងនូវវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម កង្វះអ្នកបច្ចេកទេសរចនាប្លង់ បញ្ហាទាក់ទងនឹងការកាប់ដើមឈើ សំណូមពរ បញ្ហាប្រឈមនិងដំណោះស្រាយរបស់ក្រុមហ៊ុន។
ថ្លែងចាប់ផ្តើមកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យក្រុមហ៊ុនសាងសង់ទាញយកឱកាសនៅក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារសាងសង់របស់ខ្លួន ដោយហេតុថាស្ថានភាព ភូមិសាស្ត្រផ្លូវជាតិលេខ៤៨នេះមានលក្ខណៈខុសគ្នាពីស្ថានភាពភូមិសាស្ត្រនៃផ្លូវផ្សេងទៀត។ កំណាត់ផ្លូវនេះជាផ្លូវឋិតនៅក្នុងភូមិសាស្ត្រជាប់មាត់សមុទ្រ សំបូរទៅដោយភ្លៀងធ្លាក់ជោគជាំ បង្កការលំបាកដល់ ការងារសាងសង់។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសរបស់ក្រសួង បានកំណត់ឱ្យក្រុមហ៊ុន សាងសង់ពន្លឿនវឌ្ឍនភាពការងាររបស់ខ្លួនឱ្យបាន១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ និង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ អ្នកម៉ៅការបន្ត កម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានវឌ្ឍនភាពការងារដែលបាន កំណត់ខាងលើនេះ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញផងដែរឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុកប្រកបដោយគុណភាពរឹងមាំ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំពីឯកឧត្តមរដ្ឋ លេខាធិការ និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យគម្រោងសាងសង់ផ្លូវទាំងនេះមានគុណភាពរឹងមាំ និង ប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបជូនថា៖ កំណត់ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លងប្រវែង២៥,១គីឡូម៉ែត្រ មានចំនួន០៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១) ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០) ២) ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ - គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣) ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ - គ.ម ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២(Realignment) និង៤) ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០ - គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។
ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ នេះចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួម មាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យ បច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕
ទំព័រដើម : https://www.facebook.com/100069030105947/posts/246719600972375/?d=n