លោកស្រី គង់ ប៊ុនវណ្ណា មានជម្ងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ ទទួលបានការគាំទ្រផ្នែកផ្លូវចិត្ត និងគ្រឿងឧបភោគបរិភោគ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តិសាខានាំយកអំណោយ មនុស្សធម៌ និងសាកសួរសុខទុក្ខពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជាមួយនឹងការរៀនរស់តាមបែបគន្លងថ្មីក្នុងបរិបទកូវីដ១៩ ជាមួយ លោកស្រី គង់ ប៊ុនវណ្ណា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយយុវជនកាកបាទក្រហមកម្ពុជា ឈ្មោះ ទូច លីហួរ ដែលមានជម្ងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ បណ្តាលអោយស្លាប់មួយចំហៀងខ្លួន រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះក្រុមប្រតិបត្តិសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ ។
ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលផ្តល់សាខាប្រគល់ជូនទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ជែលលាងសម្អាតដៃ២ដប អាវយឺត២ តែ៤កញ្ចប់ និងថវិកាចំនួន៨ម៉ឺនរៀល ។