លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ សម្រាប់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡេីងថា លេខកូដ ១២៩៤ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយអង្គការ PEOPLE IN NEED (PIN) ជួយគាំទ្របច្ចេកទេស និងដាក់ឱ្យប្រើប្រាស់សម្រាប់ខេត្តនីមួយៗ។ មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកោះកុង បានអនុវត្តប្រើប្រាស់ដោយជោគជ័យ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ជិត ពីរពាន់នាក់។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជំរុញដល់រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួតជ្រាប និងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ នូវខ្លឹមសារ នៃអនុក្រឹត្យលេខ ១៨៨អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ៕
ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ December 8, 2021