លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្ត បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងប្រើប្រាស់កម្មវិធី Zoom
លោកនាយករង បានលើកឡើងថា ក្នុងបរិបថកូវីដ-១៩ មន្ត្រីរាជការត្រូវអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើយបច្ចុប្បន្នដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះតម្រូវឱ្យការប្រជុំតាមប្រព័ន្ធ អនឡាញ ពិតជាត្រូវការចាំបាច់។ ដោយមានការគាំទ្រពីសំណាក់លោកជំទាវអភិបាលខេត្ត ក្រុមការងារព័ត៍មានវិទ្យាខេត្ត បានលើកយកកម្មវិធី Zoom ដើម្បីងាយស្រួល ក្នុងការរៀបចំកិច្ចប្រជុំនានានៅតាមមន្ទីរ អង្គភាព ហើយកិច្ចការនេះ លោកជំទាវអភិបាលខេត្ត បានយកចិត្តទុកដាក់បំផុត និងធ្វើយ៉ាងណាឱ្យក្រុមការងារធ្វើបទបង្ហាញ ដែលបងប្អូនអាចយកទៅអនុវត្តការងារនៅមន្ទីរ អង្គភាព បានល្អប្រសើរ ងាយស្រួល រហ័ស ទាន់ពេលវេលា និងចំណាយតិច។ ជាមួយគ្នាសូមសមាជិកទាំងអស់យកចិត្តទុកដាក់ ស្តាប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីនេះ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ខ្ញុំសង្ឃឹមថាលោក លោកស្រី ជាមន្ត្រីជំនាញបន្តយកចិត្តទុកដាក់ ក្នុងការរៀបចំកិច្ចប្រជុំជូនថ្នាក់ដឹកនាំ និងរៀបចំព័ត៌មាន របស់អង្គភាពឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាផងដែរ៕