លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានសមាសភាពពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត សហការជាមួយ អាជ្ញាធរស្រុកមណ្ឌលសីមា ការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទួលគគីរ ប្រជុំ និងចុះពិនិត្យទីតាំងសំណើរបស់ឈ្មោះ ទៀ វិចិត្រ និងនាង ហេង គីមជី ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លើផ្ទៃដីទំហំ ៧ហិកតា ២៤អា ៨៤សង់ទីអា ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាលទ្ធផល បន្ទាប់ពីការប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានឯកភាព និងផ្តល់ការណែនាំឲ្យសាមីសំណើ ត្រូវសហការជាមួយមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកមណ្ឌលសីមា ដើម្បីចុះកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក និងការវាស់វែងត្រូវអនុវត្តតាមច្បាប់ភូមិបាលជាគោល រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕