រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំអំពីបញ្ហាប្រជាពលរដ្ឋមកសាលាស្រុក ដើម្បីស្នើសុំដោះស្រាយការលួចកាប់ព្រៃលិចទឹក ស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំអំពីបញ្ហាប្រជាពលរដ្ឋមកសាលាស្រុក ដើម្បីស្នើសុំដោះស្រាយការលួចកាប់ព្រៃលិចទឹក ស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងនោះផងដែរ លោកអភិបាលរងស្រុក បានជម្រាបបងប្អូនប្រជាពលរដ្ឋឲ្យបានដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត បានធ្វើកិច្ចការលើការងារនេះមួយជំហានរួចមកហើយផងដែរ និងកំពុងធ្វើការស្រាវជ្រាវបន្ដ។ ជាក់ស្ដែង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក ចូលរួមជាមួយក្រុមការងារខេត្តដឹកនាំដោយ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងដីកាប់ទន្ទ្រានព្រៃលិចទឹកនៅចំណុចភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ហើយឯកឧត្ដមអភិបាលរងខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរដែនដីស្រាវជ្រាវរកឱ្យឃើញអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋ និងមន្ទីរជំនាញចុះចុចយកនិយាមកាដីរដ្ឋដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីធ្វើរបាយការណ៍ស្នើសុំចំណាត់ការ និងមតិដឹកនាំពីថ្នាក់ដឹកនាំខេត្ត។

ទន្ទឹមនឹងនេះផងដែរ លោក ប្រាក់ គា អភិបាលរងស្រុក បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋរង់ចាំក្រុមការងារដោះស្រាយបញ្ហានេះបន្តទៀត និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ការពារ ទប់ស្កាត់ ស្វែងរកជនដែលបានកាប់ព្រៃលិចទឹកទាំងនោះ និងរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ឬស្រុក ដើម្បីមានវិធានការចំពោះបុគ្គលនោះទៅតាមនីតិវិធីច្បាប់។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង