លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងទន្ទ្រានកាន់កាប់ដីរដ្ឋ នៅស្រុកស្រែអំបិល
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រដ្ឋបាលស្រុកស្រែអំបិល មេឃុំ មេភូមិ និងមានការចូលរួមសហការពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចុះពិនិត្យទីតាំងទន្ទ្រានកាន់កាប់ដីរដ្ឋ នៅស្រុកស្រែអំបិល ខេត្តកោះកុង។ គោលបំណងនៃការចុះពិនិត្យទីតាំងទន្ទ្រានកាន់កាប់ដីរដ្ឋនេះ គឺដើម្បីចុះពិនិត្យនិងចុចយកនិយាមកាដីដែលមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។
ការចុះពិនិត្យដីរដ្ឋដែលមានការទន្ទ្រាននេះមានចំនួន៣ទីតាំងដូចខាងក្រោម៖
១. ទីតាំងដីស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង
២. ទីតាំងដីស្ថិតនៅឃុំជ្រោយស្វាយ (តំបន់សហគមន៍ត្រពាំងប្រីស)
៣. ទីតាំងដីស្ថិតនៅភូមិទឹកប៉ោ ឃុំបឹងព្រាវ ក្នុងពេលចុះពិនិត្យទីតាំងដីរដ្ឋដែលត្រូវបានកាប់ទន្ទ្រានទាំង៣ទីតាំងនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តបានណែនាំឱ្យអាជ្ញុាធរដែនដីស្រាវជ្រាវរកឱ្យឃើញអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋ និងមន្ទីរជំនាញចុះចុកយកនិយាមកាដីរដ្ឋដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីធ្វើរបាយការណ៍ស្នើសុំចំណាត់ការ និងមតិដឹកនាំពីថ្នាក់ដឹកនាំខេត្ត។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរអង្គភាពជំនាញ ទប់ស្កាត់ តាមដាន ត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
(ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង)