សាខាកក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារប្រតិបត្តិសាខា សរុបចំនួន ២៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីរាយការណ៍អំពីកាបូកសរុបលទ្ធផលសកម្មភាពការងារមនុស្សធម៌របស់សាខាឆ្នាំ២០២០ លើកទិសដៅបន្តអនុវត្តផែនការបន្ត និងសិក្សាពីបញ្ហាប្រឈមដែលសាខា អនុសាខាបានជួបប្រទះកន្លងមកផងដែរ៕