រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងដោយបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ជាមួយនេះផងដែរ ខ្ញុំសូមសំដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏សូមចូលរួមលើកទឹកចិត្តដល់ក្រុមការងារគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងរៀបចំអោយមានកិច្ចប្រជុំនេះឡើង ។
ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី អង្គពិធីទាំងមូល ជាទីរាប់អាន ! ដោយយោងទៅលើសេចក្តីសម្រេច ស្តីពីការរៀបចំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខ្ញុំសូមបញ្ជាក់ជូនដោយសង្ខេបអំពីតួនាទី និងភារកិច្ច សំខាន់ៗដូចខាងក្រោម :
-សម្របសម្រួល រៀបចំផែនការអភិវឌ្ឍន៍ និងថវិកា
-សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពរបស់ក្រសួងស្ថាប័ននានា
-កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពខេត្ត
-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាឃុំ និង ក្រុមប្រឹក្សាសង្កាត់នៅក្នុងខេត្ត
-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាពាក់ព័ន្ធ ផ្សេងទៀត
-ការងារទាក់ទងនឹងមុខងារ និងធនធាន….។
ការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងផែនការយុទ្ធសាស្ត្រថវិកា ជាផែនការដែលត្រូវផ្សារភ្ជាប់ជាមួយគ្នា ដើម្បីធានាបានការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោលបំណង គោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹមជាមួយគោលបំណង គោលដៅ និងយុទ្ធសាស្ត្រ របស់គោលនយោបាយជាតិ។ ក្នុងគោលដៅនេះការធ្វើសមាហរណកម្មផែនការនីយកម្មមានការចាំបាច់ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ទំនាក់ទំនងគ្នាបំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ (មន្ទីរអង្គភាពជំនាញ)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកាគឺជាការកែលម្អ និងផ្លាស់ប្តូរជាជំហានៗនៃវដ្តថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ពិសេសកំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាលនៃវដ្តថវិកា។ ក្នុងនេះដែរការរៀបចំត្រូវផ្អែកលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
-ការចាប់ផ្តើមរៀបចំកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ ត្រូវដំណើរការទៅឱ្យស្របទៅនឹង ដំណើរការរៀបចំថវិកា ហើយស្របទៅនឹងរចនាសម្ព័ន្ធថ្មីនៃការគ្រប់គ្រងនៅតាមបណ្តាក្រុង ស្រុក ។
-សេចក្តីព្រាងបញ្ជីគម្រោង ដែលបានលើកឡើង ឈ្មោះគម្រោងសំខាន់ៗ ដែលបានរំលេច ឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏ សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេល មធ្យម(បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្ត
-ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ត្រូវឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជា ពលរដ្ឋហេតុនេះត្រូវធ្វើការពិនិត្យ និងកែតម្រូវ ឱ្យបានសមស្រប នូវទំហំគម្រោង បញ្ហាអាទិភាព សេចក្តីត្រូវការ និងធ្វើការដោះស្រាយ តាមរយៈគម្រោងវិនិយោគដែលបានស្នើឡើង
-រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្តអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់ វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។

ថ្ងៃនេះយើងបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដោយបានពិនិត្យ និងផ្តល់យោបល់ លើ៖ ១.បញ្ជីគម្រោងជាអាទិភាពដែលប្រើប្រាស់ថវិកាខេត្តសម្រាប់រៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិល២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ២.សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងប្រតិទិនការងារសម្រាប់កសាងផែនការអភិវឌ្ឍន៍ខេត្ត សេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកា២០២៥-២០២៧ និង៤.គម្រោងចំណូល ចំណាយថវិកា ឆ្នាំ២០២៥ ខ្ញុំសង្ឃឹមថាលទ្ធផលនៃកិច្ចប្រជុំនេះ នឹងក្លាយជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍ របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាជនទូទាំងខេត្ត ដើម្បីការលើកកម្ពស់គុណភាពសេវាសាធារណៈសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង៕
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ August 15, 2024

អត្ថបទទាក់ទង