លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងយល់ដឹបន្ថែមអំពីគ្រឹះស្ថាន និងកិច្ចសហប្រតិបត្តិការរវាង វិស័យឧស្សាហកម្មក្នុងខេត្ត ជូនប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
លោកអភិបាលរងខេត្ត បានលើកឡើងថា នាថ្ងៃនេះខ្ញុំសូមសំដែងនូវក្តីរីករាយ និងអបអរសារទរគ្រឹះស្ថាន និងចំពោះពិធីនេះ ដែលជាការរួមចំណែកមួយយ៉ាងធំធេងសម្រាប់ស្វែងរកកិច្ចសហការណ៍រួម គ្នាមួយ ដើម្បីចាប់ដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តយើង និងជួយ អភិវឌ្ឍន៍ប្រទេសជាតិឈានទៅមុខ។
តាមរបាយការណ៍ ឃើញថា តួអង្គទាំងពីរគឺជាធាតុចូលមួយដ៏មានសារៈសំខាន់បំផុតសម្រាប់វិស័យការងារ និងបណ្តុះបណ្តាល ក្នុងការផ្គត់ផ្គង់កំលាំងពលកម្មដែលបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស សហគ្រិនភាព យេនឌ័រ ជំនាញទន់ និងជំនាញផ្សេងៗទៀតពីវិទ្យាស្ថាន ទៅដល់យុវជន យុវតី របស់យើង មុនពេលដែលពួកគេឈានចូលទៅរកទីផ្សារការងារ ដើម្បីយើងអាចផ្តល់ ជូនដល់ យុវជន យុវតី យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ល្អប្រសើរសម្រាប់យកទៅ អនុវត្ត ការងារនៅតាម ក្រុមហ៊ុន សហគ្រាសឯកជន និងការប្រកបការងារផ្សេងៗទទួលបានវិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានឥរិយាបថល្អក្នុងការងារប្រចាំថ្ងៃ។ ការចូលរួមរបស់វិស័យ ក្រុមហ៊ុន សហគ្រាសឯកជនពិតជា ដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជម្រុញសេដ្ឋកិច្ចគ្រួសារ សង្គម កាន់តែល្អប្រសើរ និងមាននិរន្តរភាពសម្រាប់ការរស់នៅរបស់ប្រជាជនយើង។
វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យមួយត្រូវបានយក ចិត្តទុកដាក់ពី រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ វិស័យនេះបានជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកវិស័យឯកជន និងបានចូល រួមចំណែកធ្វើឱ្យមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចជាតិតាម រយៈកំលាំងពលកម្មដែលមានជំនាញ និងការរីកដុះដាលនៃ រោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជនមួយចំនួនធំទៀតផងដែរ។ល។ ការរីកចំរើន ទាំងនោះបាន វាអាស្រ័យដោយមានកំលាំងពលកម្ម មានធនធានមនុស្ស នៃវិស័យឯកជន ប្រកប ដោយចំណេះដឹង និងជំនាញពិតប្រាកដមួយដើម្បីធានាបាននូវការផលិត និងកិច្ចដំណើរការរបស់ រោងចក្រ សហគ្រាស ឱ្យមានសកម្មភាពរស់រវើកជាប់ជានិរន្ត ប្រកបដោយចីរភាព និងកំណើន។ ប្រសិនបើគ្មានធនធានមនុស្សក៏គ្មានកំលាំងពលកម្ម តែបើមាន កំលាំងហើយគ្មានជំនាញក៏មិនអាចធានាការផលិតបានដែរ។ ករណីនេះពិតជាមានហានិភ័យខ្ពស់ ដល់ការផលិត ហើយនិងជះឥទ្ធិពលដល់វិស័យឯកជន និងការវិនិយោគផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះអង្គការស្វីសខន់ថាក់ បានជួយគាំទ្រនូវ ប្រភពធនធានថវិកា សម្ភារបរិក្ខា និងបច្ចេកទេស ដល់វិទ្យាស្ថាន និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ទីរការងារ និង វិទ្យាស្ថាន បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលខិតខំបំពេញភារកិច្ច អស់ពីកំលាំងកាយចិត្ត និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ June 11, 2024